(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា បើទោះបីជានៅមានអស្ថិរភាពនយោបាយខ្លះ នៅរយៈពេលចុងក្រោយនេះ ដែលបង្កឡើងដោយពួកប្រឆាំង យ៉ាងណាក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែល្អប្រសើរ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងបែបនេះ នៅក្នុងពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៣ ទិវា«កំណើតកងយោធពលខេមរភូមិន្ទ» នៅក្រសួងការពារជាតិ នាថ្ងៃទី០៨ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ។
ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានលើកឡើងថា «បើទោះបីជានៅមានអស្ថិរភាពនយោបាយខ្លះ នៅក្នុងរយៈពេលចុងក្រោយនេះ ដែលបង្កឡើងដោយពួកប្រឆាំង ប៉ុន្តែយើងនៅរក្សាបានរឹងមាំនូវម៉ាក្រូសេដ្ឋកិច្ច កំណើនទេសចរណ៍ ខិតខំជំរុញ និងគៀងគរជំនួយក៏ដូចជាការប្រមូលពន្ធ និងអភិបាលកិច្ចល្អដែលតាមការ ប៉ាន់ប្រមាណនៅក្នុងឆ្នាំ២០១៦នេះ កម្ពុជាធានាបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំប្រមាណ៧% ក្នុងនោះរាជរដ្ឋាភិបាល ក៏បានតំម្លើងប្រាក់បៀវត្សរ៍ជូនកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការជាបន្តបន្ទាប់ ក្នុងគោលដៅលើកម្ពស់ជីវភាពរស់នៅឱកាន់តែប្រសើរឡើងថែមទៀត»។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបន្ថែមទៀតថា «បើទោះជាមានការអសកម្មបង្កឡើងដោយការប្រមូលផ្ដុំប៉ុនប៉ងធ្វើសកម្មភាពបាតុភូកម្មខុសច្បាប់ ដូចជាការរៀបចំនូវការយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ កម្លាំងមានសមត្ថកិច្ចរបស់យើងធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អគ្រប់គ្រងពង្រឹង និងថែរក្សាបានហ្មឹងម៉ាត់ ដោះស្រាយបានទាន់ពេលវេលានូវសភាពការណ៍ដែលបង្កឡើងដោយបាតុកម្ម និងអសន្តិសុខសង្គមមួយនេះចំនួនដែលកើតឡើង»៕