(ប៉ៃលិន)៖ បុរសប្រមឹក២នាក់ ក្រោយផឹកស្រាជោកជាំបាននាំគ្នាបើកម៉ូតូលឿនហួសប្រមាណ ក៏ជ្រុលទៅបុកដើមឈើនៅក្បែរផ្លូវ១ដើម បណ្ដាលឲ្យបោកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗ ដែលហេតុកាណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្រ្តីនគរបាលចរាចរណ៍ស្រុកសាលាក្រៅ បានប្រាប់ភ្នាក់ងារ Fresh News ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង មូលហេតុដោយសារបើកបរ ក្នុងសភាពផឹកស្រាស្រវឹង។
មន្រ្តីខាងលើបានបន្តថា ជនទាំង២នាក់ខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាក SUZUKI VIVA ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-6688 ដែលជនរងគ្រោះទី១.មានឈ្មោះ សុខា អាយុ៤៨ឆ្នាំ រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង និងទី២.ឈ្នោះ ញ៉ែម និល អាយុ៥៣ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នសពជនទាំង២ ត្រូវកម្លាំងនគរបាលប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕