(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចថា ក្រោមការបញ្ជាដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជនសង្ស័យលួចកាប់ឈើគ្រញូងនៅឧទ្យានជាតិអង្គរពីរនាក់ ត្រូវបានចាប់ខ្លួនហើយ។ ជនសង្ស័យទាំងពីរនាក់នោះ ម្នាក់ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកព្រៃឈើ និងម្នាក់ទៀតជាប្រធានការិយាល័យព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា។

ជនសង្ស័យទាំងពីរនាក់នោះមានឈ្មោះ ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សារាទទួលព្រៃឈើ និងលោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា។

បើតាមលោក ឃឹម ប៊ុនសុង បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កម្លាំងសមត្ថកិច្ចកំពុងសួរនាំ។

សូមបញ្ជាក់ថា ឈើគ្រញូងមួយដើមយ៉ាងធំនៅក្នុងឧទ្យានជាតិអង្គរ ត្រូវបានគេលួចកាត់កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ដើមគ្រញូងមានអង្កត់ផ្ចិត ៨៣០សង់ទីម៉ែត្រ (៨.៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅមាត់កសិន្ធអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប៕