(ក្រចេះ)៖ ពលរដ្ឋ២នាក់ បានស្លាប់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងរណ្ដៅរ៉ែមាស ដោយសារពុលផ្សែងម៉ាស៊ីន ខណៈពួកគាត់បានចុះទៅពន្លត់ម៉ាស៊ីនបូមទឹកក្នុងរណ្ដៅនោះ នៅយប់ថ្ងៃទី០៨ ខែវិច្ឆកា ឆ្នាំ២០១៦ ត្រង់ចំណុចអូរទ្រូន ស្ថិតនៅភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

លោក សុខ យឿន មេភូមិអូរពោធិ៍បានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ ទី១.ខុន ណាក់ អាយុ៣០ឆ្នាំ មានទីលំនៅភូមិសិរីភាព ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ, ទី២.យឹម គឹមយុត អាយុ២៧ឆ្នាំ រស់នៅពង្រូង ឃុំសុចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រជាពលរដ្ឋប្រមាណជាង១០គ្រួសា ដែលជាអ្នកជីករុករករ៉ែនៅទីនោះ បានឲ្យដឹងថា ខណៈដែលក្រុមហ៊ុនរុករករ៉ែមាសរបស់ចិន បានផ្អាកមួយរយៈពេល ហើយពួកអត់មានកាងារធ្វើ ក៏នាំគ្នាជីករណ្ដៅតូចៗ ដែលមានចំងាយ ២០០ម៉ែត្រ ទៅ ៣០០ម៉ែត្រ ពីក្រុមហ៊ុនទីតាំងរបស់ក្រុមហ៊ុន ដើម្បីដោះស្រាយជីវភាពតែប៉ុណ្ណោះ ហើយពួកគាត់នឹងរៃអង្គាសគ្នា ដើម្បីធ្វើបុណ្យ និងជួយឧបត្ថម្ភគ្រួសារសព។

លោក ឡុង យឹង ប្រធានមន្ទីរយុតិ្តធម៌ខេត្តក្រចេះ បានឲ្យដឹងថា ក្រោយដឹងហេតុការណ៍ថា មានករណីគ្រោះថ្នាក់បណ្ដាលឲ្យមនុស្សស្លាប់បែបនេះ លោកក៏បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការខេត្ត ចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចមានអាវុធហត្ថ និងនគរបាល បានកោស្សលវិច្ច័យឃើញថា ជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារពុលផ្សែងម៉ាស៊ីនប្រាកដមែន។

កម្លាំអាវុធហត្ថក៏បានឃាត់ខ្លួនមនុស្សចំនួន ៤នាក់បណ្ដោះអាសន្ដ ពាក់ព័ន្ធនឹងម្ចាស់រណ្ដៅ នាំយកមកសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ។ ដោយឡែក សពជនរងគ្រោះទាំង២នាក់ ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕