(ភ្នំពេញ)៖ ស្របពេលដែលមជ្ឈដ្ឋានអ្នកសិល្បៈទូទៅ បានសម្ដែងក្ដីអាណិតអាសូរ ចំពោះតារាសម្ដែងសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា ដែលត្រូវបានអតីតគូស្នេហ៍ គឺលោក គៀង ហេង ប្រើហិង្សាលើរូបនាង បណ្ដាលឲ្យរងរបួស បែកមុខបែកមាត់ ជាំពេញខ្លួន និងបានទាមទារឲ្យ មានវិធានការតាមផ្លូវច្បាប់លើជនបង្ក ដែលបានប្រើអំណាច លើស្រ្តីទន់ខ្សោយនោះ ស្រាប់តែកញ្ញា ពេជ្រ អាវីហ្សា ដែលជាសាមីខ្លួនផ្ទាល់ បែរជាបញ្ជាក់ជំហរបស់ខ្លួនថា បានមិនដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ ចំពោះខ្លួនឡើយ។
តារាសម្ដែងសិចស៊ីសាច់សខ្ចី ពេជ្រ អាវីហ្សា បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិច ទាំងខ្លួនមានរបួសជាំពេញខ្លួន ហើមមុខពោរ ឲ្យដឹងថា ទោះបីជាអតីតគូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ គៀត ហេង ដែលត្រូវជាប្អូនថ្លៃរបស់ លោកឧកញ៉ារកស៊ីឈើដ៏ល្បី ទ្រី ភាព បានប្រើអំហិង្សាលើរូបនាង ដោយបានស្ទាក់វាយយ៉ាងដំណំ រហូតបណ្ដាលឲ្យរូបនាងរបួសពេញមុខ និងដងខ្លួនធ្ងន់ធ្ងរក្ដី ប៉ុន្តែនាងបានប្រកាន់ចិត្តហើយថា មិនប្ដឹងអតីតគូស្នេហ៍រូបនេះ តាមផ្លូវច្បាប់ឡើយ។
យ៉ាងណាមិញ ចំពោះមូលហេតុដែល ពេជ្រ អាវីហ្សា មិនសម្រេចចិត្តដាក់ពាក្យប្ដឹង គឺមិនត្រូវបាននាងបញ្ជាក់ឲ្យដឹងនោះទេ ពោលនាងគ្រាន់តែនិយាយដោយខ្លីថា ពេលនេះនាងកំពុងព្យាបាលរបួស មិនអាចនិយាយអ្វីបានច្រើនជាងនេះទេ។
ពេជ្រ អាវីហ្សា និយាយដោយខ្លីថា «ចា៎..បង ខ្ញុំគិតថា ខ្ញុំមិនប្ដឹងគាត់(គូស្នេហ៍)ទេ ហើយមូលហេតុយ៉ាងណានោះ ខ្ញុំអត់ទាន់និយាយកើត នៅពេលនេះទេ ខ្ញុំកំពុងឈឺរបួស ហើមមាត់ និយាយបានតិចៗទេបង អរគុណហើយបង.. ចាំខ្ញុំខលទៅបងវិញ..!»។
ខណៈដែល តារាសម្ដែង ពេជ្រ អាវីហ្សា បានប្រកាន់ជំហថា មិនប្ដឹងអតីតគូស្នេហ៍, លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងប្រាប់ Fresh News នៅមុននេះ ឲ្យដឹងថា ខាងរូបលោក ក៏ដូចជាសមាគម នឹងចាំជួយកញ្ញា ពេជ្រ អាវីហ្សា គ្រប់ពេល ខណៈដែលសមាគមក៏មានមេធាវី ដើម្បីផ្ដល់ជូនកញ្ញា វីហ្សា ភ្លាមៗបើត្រូវការចាំបាញ់។
លោកសង្កត់ធ្ងន់ថា លោកមិនអាចគាំទ្រទង្វើ របស់អ្នកមានអំណាច ដែលបានប្រីអំណាចមកបំពាន លើស្រ្តីទន់ខ្សោយ បែបនេះឡើយ។ ប្រទេសមានច្បាប់ ជនដែលបង្កល្មើសច្បាប់ ត្រូវតែមានវិធានការ តាមផ្លូវច្បាប់។
យ៉ាងណាមិញ នៅពេលដែលអ្នកសិល្បៈគ្រប់ៗគ្នា ចង់ឲ្យតារាសម្ដែង ពេជ្រ អាវីហ្សា ត្រូវតែទាមទារយុត្តិធម៌ ចំពោះខ្លួនឯង តាមរយៈការរកខុសត្រូវតាមផ្លូវច្បាប់នោះ គេនៅមិនទាន់ដឹងថា តើនាងនឹងប្ដូរគោលជំហរបស់ជាថ្មីវិញ ឬយ៉ាងណានោះទេ ខណៈដែលនៅពេលនេះ នាងកំពុងតែសំងំព្យាបាលរបួស។
សូមបញ្ជាក់ថា តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា បានរងរបួសផ្ទៃមុខ ដោយដាច់រយៈនិងមានស្លាកស្នាមជាំលើដងខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយការប្រើអំពើហិង្សា ពីសំណាក់អតីតសង្សាររបស់នាង នាពីយប់ថ្ងៃទី១៣ខែវិច្ឆិកា នៅក្លិបកម្សាន្តស្កាយ ក្នុងខេត្តព្រះសីហនុ ខណៈដែលនាងបានធ្វើដំណើរទៅកម្សាន្ត ក្នុងឱកាសបុណ្យអំទូកថ្ងៃទី១ជាមួយមិត្តភក្តិរបស់នាង។
ស្រីស្រស់ ពេជ្រ អាវីហ្សា បានលើកឡើងថា ស្នាមរបួសនេះបានកើតឡើង ដោយលោកគៀង ហេង ដែលជាអតីតសង្សារ បានមកស្ទាក់វាយនាងបណ្តាលឲ្យរបួស ហើយនាងក៏សម្រេចចិត្ត ទម្លាយរឿងនេះ មកឲ្យប្រិយមិត្តបានដឹង ដោយសារលោក គៀង ហេង បានវាយធ្វើបាបនាងជាច្រើនដងមកហើយ និងបានគំរាមកំហែងទៀត ព្រោះលោក ហេង មានកាំភ្លើងជាប់ខ្លួន។ អាវីហ្សា ក៏បានបញ្ជាក់ថា លោកគៀង ហេង គឺជាប្អូនថ្លៃរបស់លោកឧកញ៉ា ទ្រី ភាព ដែលជាឈ្មួញឈើដ៏ល្បី នៅស្រុកខ្មែរ។
កញ្ញា ពេជ្រ អាវីហ្សា បានអះអាងថា កាលពីនៅទាក់ទងគ្នា លោកគៀង ហេង ក៏ធ្លាប់វាយធ្វើបាបនាងផងដែរ ដល់ថ្នាក់មានរបួស ប៉ុន្តែនាងចេះតែទ្រាំ ដើម្បីកុំឲ្យខ្មាសគេ តែពេលនេះនាងទ្រាំលែងបានហើយ ព្រោះឈប់ទាក់ទងគ្នាហើយ នៅតែលោក គៀង ហេង មកលបស្ទាក់វាយដដែល និងនៅពេលជួបនាងម្តងៗ នៅទីកន្លែងណាក៏ដោយ ក៏លោក គៀង ហេង តាមរករឿងធ្វើឲ្យនាងខ្មាសគេ ដោយសារតែអាងបងថ្លៃ មានងារជាឧកញ៉ា។
ជុំវិញករណីនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យកម្លាំងនគរបាលរបស់លោក ចុះទៅស្រាវជ្រាវករណីនេះហើយ ថាពិតជាបានកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ឫមួយយ៉ាងណា ពីព្រោះរហូតមកដល់ពេលនេះលោក មិនទាន់ទទួលបានរបាយការណ៍ពីកម្លាំងមូលដ្ឋាននៅឡើយទេ។
សូមបញ្ជាក់ផងដែរ ថា យោងតាមច្បាប់ ទោះបីជនរងគ្រោះអត់ប្ដឹងក៏ពិតមែន តែមានភស្តុតាងបទល្មើសជាក់ស្ដែងបែបនេះ ព្រះរាជអាជ្ញាមានអំណាចប្ដឹងចោទប្រកាន់តាមច្បាប់បាន គឺពីបទហិង្សាដោយចេតនា និងពីបទបង្ករបួសស្នាម៕