(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អូតូ នាយកប្រតិបត្តិ ចំណតថែរក្សាកង់នៅប្រទេសជប៉ុន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាទីស្តីការក្រសួង។     

នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ តំណាងនាយកថែរក្សាចំណតថែរក្សាកង់ជប៉ុន បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តជួយឧបត្ថម្ភកង់ជាបន្ត បន្ទាប់ទៀត ដើម្បីជួយដល់កុមារកំព្រា និងប្រជាជនក្រីក្រនៅតាមជនបទ ជម្រុញឲ្យពួកគាត់មានឱកាសកាន់តែច្រើន ក្នុងការធ្វើដំណើទៅសិក្សា ឬការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ។

ជាការឆ្លើយតប លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ដល់អង្គភាពចំណតថែរក្សាកង់ នៅប្រទេសជប៉ុន ក្នុងការផ្តូចផ្តើមប្រមែរប្រមូល ដឹកជញ្ជូន កង់មកជួយដល់ប្រជាជនកម្ពុជា  អំណោយមនុស្សធម៌បែបនេះ មានគុណប្រយោជន៍យ៉ាងសំខាន់ ដើម្បីជួយដល់ ប្រជាពលរដ្ឋក្រីក្រ ជាពិសេសឲ្យកុមារកំព្រារកម្ពុជា មានលទ្ធភាពបន្តការសិក្សាដែល ចាត់ទុក កុមារ គឺទំពាងស្នងឫស្សី នឹងគឺជាអ្នកបន្តវេន របស់ប្រទេសជាតិយ៉ាងសំខាន់ តាមរយៈការជម្រុញបង្កើនធនធានមនុស្សថ្មីៗនៅក្រោមការយកចិត្ត ទុកដាក់យ៉ាងខ្លាំង របស់រាជរដ្ឋាភិបាលកម្ពុជាលើ វិស័យអប់រំ។

លោករដ្ឋមន្រ្តី បានឲ្យដឹងថា ទាក់ទិននឹងការផ្តល់ជំនួយពីប្រទេសជប៉ុន និងអង្គការដែលជាដៃគូពីជប៉ុននោះ មកដល់នេះជប៉ុន បានផ្តល់កង់ជិត២ម៉ឺនគ្រឿងដល់កម្ពុជា ដែលជាការជួយជម្រុញគំាទ្រដល់ផ្នែក ធនធានមនុស្ស ឲ្យកាន់តែមានសក្តានុពល និងជាការជួយជម្រុញ ដល់អភិវឌ្ឍន៍ ដើម្បីឲ្យកម្ពុជាមានការរីកចម្រើនឥតឈបឈរ។

ជាការបញ្ជាក់បន្ថែម លោក អូតូ នាយកប្រតិបត្តិ ចំណតថែរក្សាកង់នៅប្រទេសជប៉ុនបានបញ្ជាក់ថា ដោយមានឆន្ទៈជួយទៅដល់ប្រទេសនានា ដែលកំពុងត្រូវការកង់ លោកនិងបន្តជួយផ្តល់ កង់ជាបន្តបន្ទាប់ទៀត ជាក់ស្តែងនាពេលកន្លងមកនេះ អង្គភាពរបស់លោកបានដើរប្រមែរប្រមូល នៅកន្លែងដែលប្រជាពលរដ្ឋ យកកង់ទៅបោះចោល និងពន្យល់ដល់ប្រជាពលរដ្ឋជប៉ុនមួយចំនួនទៀត ឲ្យជួយបរិច្ចាគ ជាកង់នេះ ដើម្បី​ យក មកចងក្រងដឹកជញ្ជូនមកកាន់ប្រទេស ដែលកំពុងត្រូវការដូចជាប្រទេសឡាវ ភូមា និងកម្ពុជាជាដើម ក្នុងការចូលរួម ចំណែកលើកកម្ពស់ដល់បញ្ហាកង្វះខាត ជាពិសេសការជួយដល់កុមារកំព្រា ប្រជាពលរដ្ឋ ក្រីក្រនៅតាមជនបទ ក្នុងការបង្កើនលទ្ធភាពជាមធ្យយោបាយធ្វើដំណើរផ្សេងៗ៕