(បាត់ដំបង)៖ ប្រធានក្រុមការងារចុះពង្រឹងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅចុងសប្តាហ៍នេះ បានដឹកនាំក្រុមការងារនាំយកប្រាក់មូលនិធិសម្តេចក្រឡាហោម ស ខេង ជាង១០លានរៀល ទៅចែកជូនស្រ្តីសម្រាលកូន និងគ្រួសារមរណៈចំនួន៥១គ្រួសារ ដោយក្នុងនោះ ស្រ្តីសម្រាលកូន៤១នាក់ និងគ្រួសារមរណៈ១០គ្រួសារទៀត ក្នុងភូមិទាំង៨ របស់ឃុំគោកឃ្មុំ។
សម្រាប់ប្រជាពលរដ្ឋដែលទទួលបានមូលនិធិពីលោកបណ្ឌិត ជា តារា និងក្រុមការងារខាងលើនេះ គឺមួយគ្រួសារទទួលបានថវិកាចំនួន២០ម៉ឺនរៀល ដែលសរុបថវិកាទាំងអស់ ១០,២០០,០០០រៀល។
នៅក្នុងឱកាសនោះប្រធានក្រុមការងារគណៈពង្រឹងឃុំគោកឃ្មុំ បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំចុះជួយស្រុកថ្មគោល ដែលតែងតែគិតគូពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃ ជាពិសេសសម្រាប់ស្រ្តីឆ្លងទន្លេ និងគ្រួសារណាមានសមាជិកទទួលមរណភាពនោះ គឺក្រុមការងារគណបក្សប្រជាជនកម្ពុជា នាំយកមូលនិធិទៅប្រគល់ជូនភ្លាម។
ជាងនេះទៅទៀត លោកប្រធានក្រុមការងារក៏បានផ្តាំផ្ញើដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការ រស់នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
ស្ត្រីសម្រាលកូន និងក្រុមគ្រួសារ ជនមរណភាពទាំងអស់ បានគោរពថ្លែងអំណរគុណ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងមូលដ្ឋានឃុំគោកឃ្មុំ បានលះបង់ពេលវេលា ដ៏មានតម្លៃ ព្រមទាំងចំណាយថវិកា និងសម្ភារៈ ចែកជូនពួកគាត់ដោយមិនប្រកាន់ និន្នាការបក្សនយោបាយណាឡើយ។
ក្រោយបញ្ចប់ការចែកមូលនិធិនេះរួចមក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ លោកបណ្ឌិត ជា តារា និងក្រុមការងារបាននាំយកសម្ភារសិក្សាទៅចែកជូន សិស្សពូកែពីលេខ១ ដល់លេខ១០ នូវសៀវភៅ និងថវិកាក្នុងសិស្សម្នាក់ៗ ទទួលបានប្រាក់២០០០រៀល ដែលមានចំនួនសិស្ស៤៤៣នាក់ និងអ្នកគ្រូ៦៧នាក់ ទទួលបានថវិកាម្នាក់ៗ២០០០០រៀលផងដែរ ស្ថិតនៅក្នុងសាលាបឯមសិក្សាកម្រ និងអនុវិទ្យាល័យគោកឃ្មុំ។
នៅចំពោះមុខសិស្សានុសិស្សទាំងអស់លោកបណ្ឌិត ជា តារា បានផ្តាំផ្ញើ និងជំរុញឲ្យពួកគេខិតខំរៀនសូត្រ ហើយជៀសឲ្យឆ្ងាយពីបទល្មើសទាំងឡាយដែលសង្គមមិនទទូលស្គាល់ ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងជាដើម។ បន្ទាប់មកលោកប្រធានក្រុមការងារ បានកោះប្រជុំជាមួយក្រុមការងារមូលដ្ឋាន ដើម្បីត្រួតពិនិត្យការងារចុះឈ្មោះបោះឆ្នោត និងការជុំរុញក្រុមការងារមូលដ្ឋានឲ្យបង្កើនការងារចុងក្រោយនេះឲ្យបានខ្លាំង។ លោកថា ក្រុមការងារទាំងអស់នៅឃុំទាំងមូល ត្រូវចុះសួរនាំប្រជាពលរដ្ឋ ហើយបើពួកគាត់មិនទាន់បានចុះឈ្មោះបោះឆ្នោតទេ ត្រូវណែនាំពួកគាត់ ពីព្រោះថ្ងៃចុងក្រោយ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះហើយ៕