(ភ្នំពេញ)៖ ម្ចាស់ឃ្លាំងមួយកន្លែង ដែលជាឃ្លាំងដាក់រថយន្ត ស្ថិតនៅម្ដុំលូប្រាំ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យលោក លី ហុង បានចេញមកបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់ថា លោកបានយកចិញ្ចើមផ្លូវធ្វើអាជីវកម្មផ្តាច់មុខ និងផ្ទាល់ខ្លួន។

ចំពោះការចោទប្រកាន់នេះលោក លី ហុង បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះថា តាមពិតលោកមិនបានយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ពោលមិនមែនជារបងរឹងមាំនោះ គ្រាន់តែរបងស័ង្កសីប៉ុណ្ណោះ ដែលលោកបានយកទៅបាំងដាក់ពេលយប់វេលាម៉ោងប្រមាណ៨ និងបើកវិញនៅម៉ោង៥ទាបភ្លឺតែប៉ុណ្ណោះ ពីព្រោះដើម្បីបាំង និងរារាំងខ្លាចមានចោរ ឬក្រុមជក់ថ្នាំចូលលួចទ្រព្យសម្បត្តិរបស់លោក។

ម្ចាស់ឃ្លាំងបានបន្តទៀតថា ករណីនេះមានលោកមានបញ្ហាជាមួយអ្នកជិតខាង នៅពីក្រោយទីតាំងលោក រហូតប្តឹងដល់អាជ្ញាធរភូមិទៀតផង ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ ទើបខាងអាជ្ញាធរហៅទៅដោះស្រាយ។ យ៉ាងណាក៏ដោយលោកបានបន្តទៀតថា កន្លងទៅខាងអាជ្ញាធរទាំងភូមិ និងសង្កាត់ក៏មិនមានជំទាស់អ្វីដែរ ពីព្រោះមិនមែនជារបងរឹងមាំ នោះទេគ្រាន់តែរនាំងស័ង្កសីតែប៉ុណ្ណោះ៕