(ភ្នំពេញ)៖ រហូតដល់ម៉ោង១០៖១៥នាទីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ជំនួបបិទទ្វារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា បានបញ្ចប់ហើយ។ នេះបើតាមសេចក្តីរាយការណ៍ ភ្នាក់ងារ Fresh News នៅរដ្ឋសភា។

ជំនួបនេះ បានធ្វើឡើងរយៈពេលជាង១ម៉ោង នាគ្រាដែលរដ្ឋសភា បើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីបោះឆ្នោតគាំទ្រដល់បេក្ខភាព លោក សួន រីដា ជាតំណាងរាស្រ្តជំនួសតំណែង លោក ប៉ែន សុវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលខេត្តកំពង់ស្ពឺ ដែលទទួលមរណភាព។

សូមជំរាបថា រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅវេលាម៉ោង៨ព្រឹកមិញ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចក្នុងប្រជុំសភាពនេះដែរ។ ចំណែកប្រធានក្រុមមតិភាគតិចដែលទើបតែងតាំង លោក កឹម សុខា ក៏មានវត្តមានចូលរួមប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃនេះ បន្ទាប់ពីអវត្តមានជាង១ឆ្នាំកន្លងមក៕