(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកសិក្ខាសាលាមួយក្រោមប្រធានបទ វិធីសាស្រ្តក្នុងការ ចូលរួមចំណែកលើកកម្ពស់គុណភាពសុខាភិបាលនៅកម្ពុជា ក្រោមអធិបតីភាព លោកហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកាដែលសុទ្ធជាសាស្រ្តាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ឱសថការី ទន្តបណ្ឌិត ឆ្មប គិលានុបដ្ឋាក និងនិស្សិតពេទ្យប្រមាណជិត១០០នាក់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។

សិក្ខាសាលា នេះបានបែងចែកជា៣ក្រុមដើម្បីផ្តល់ធាតុចូលសំខាន់ៗលើ ១-បច្ចុប្បន្នភាពនៃវិស័យសុខាភិបាលនៅកម្ពុជា ២-ចំណុចខ្លាំង និងចំណុចខ្វះខាត ៣-អនុសាសន៍លើការចូលរួមកំណែទម្រង់លើវិស័យនេះ ឲ្យកាន់តែល្អប្រសើរ។
នៅក្នុងសិក្ខាសាលានេះ បានចូលរួមក្នុងការជំរុញលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ គ្រូពេទ្យឲ្យកាន់តែល្អថែមទៀត ការជំរុញ ការបន្តធ្វើកំណែទម្រង់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពោលគឺទាំងថ្នាក់ក្រសួង មន្ទីរពេទ្យធំៗ នៅរាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនៅតាមតំបន់ដាច់ស្រយាលនានា ក៏ដូចជាការបង្កើនកម្រិតជំនាញដល់ក្រុមគ្រូពេទ្យ ដោយចាប់ផ្តើមចេញពីនិស្សិតពេទ្យផ្ទាល់តែម្តង ទន្ទឹមនឹងនេះ គឺការបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដល់សាកលវិទ្យាល័យ មហាវិទ្យាល័យ និងសាលាបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យសុខាភិបាលឲ្យពង្រឹង និងពង្រីកនូវកម្រិតបច្ចេកទេស កម្មវិធីបង្រៀន ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ជាមួយបណ្តាសាកលវិទ្យាល័យ និងមន្ទីរពេទ្យអន្តរជាតិនានា ហើយក្រុមគ្រូពេទ្យ ខ្លួនឯងក៏ត្រូវបង្កើនចំណេះដឹងថ្មីៗ បច្ចេកវិទ្យាទំនើបៗ ក៏ដូចជាបទពិសោធន៍ល្អៗជាប្រចាំដើម្បីដើរឲ្យទាន់សភាពការណ៍នៃ វិទ្យាសាស្រ្តវេជ្ជសាស្រ្តរបស់បណ្តាប្រទេស ក្នុងតំបន់ និងពិភពលោកក្នុងគោលដៅបង្កើន ជំនឿជឿជាក់បន្ថែមទៀតដល់ អ្នកជំងឺ និងប្រជាជនកម្ពុជា ហើយនិងអាចឈានដល់ការទាក់ទាញ ជាភ្ញៀវទេសចរណ៍មន្ទីរពេទ្យ ដូចបណ្តាប្រទេសជឿនលឿននានា កំពុងអនុវត្តនាពេលបច្ចុប្បន្ន។

​ជាការកត់សំគាល់ ក្រោយរយៈពេល៣៨ឆ្នាំនៃការរស់ឡើងវិញ ពីរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ និង២០ថ្ងៃកម្ពុជាក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានក្លាយជាប្រជាជាតិមួយដែលមានសុខសន្តិភាព សេរីភាព និងសុវត្ថិភាពពេញលេញរួមជាមួយនិងការរីកចម្រើន លើគ្រប់វិស័យ។

វិស័យសុខាភិបាលដែលជាវិស័យមួយដើរតួនាទីជាស្នូលនៃកំណើន និងការអភិវឌ្ឍសុខភាពធនធានមនុស្ស ស្របតាមទ្រឹស្តី មួយថា លុះត្រាតែមានសុខភាពល្អទើបអាចធ្វើអ្វីៗបានជោគជ័យ បាននិងកំពុងខិតខំប្រឹងប្រែងស្ទុះងើបឡើង និងធ្វើកំណែ ទម្រង់ យ៉ាងច្រើនដើម្បីទ្រទ្រង់ដល់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ តែទោះបីជាយ៉ាងណាក៏ដោយក៏ការ ខិតខំប្រឹងប្រែងនេះនៅមាន ចំណុចខ្វះខាតមួយចំនួនដែលត្រូវបំពេញបន្ថែម៕