(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំមន្រ្តីជាន់ខ្ពស់របស់ខ្លួនទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម​ហើយនៅម៉ោងប្រមាណ ៩៖៣០នាទីនាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។ នេះបើតាមការបញ្ជាក់​របស់ក្រុមអ្នកព័ត៌មាន ដែលតាមយកព័ត៌មាន នៃដំណើរទស្សនកិច្ច​របស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសវៀតណាម។

បើតាមក្រុមអ្នកព័ត៌មានពិសេសនេះ បានឲ្យដឹងថា ក្នុងដំណើរទៅដល់ព្រលាន​យន្តហោះណូយ​បៃនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីលោក ម៉ៃ ទៀនដុង រដ្ឋមន្រ្តីនាយកខុទ្ទកាល័យរដ្ឋាភិបាល ព្រមទាំងមន្រ្តី នៃប្រទេសវៀតណាម និងឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងណាណូយ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅវៀតណាម នាម៉ោប្រមាណ ៨ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ៊្វុក។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រិភូអមនាយករដ្ឋមន្រ្តី បានប្រាប់ក្រុមអ្នកព័ត៌មានមុននឹងការហោះហើររបស់សម្តេចតេជោ ហ៊ុន សែន ចេញពីប្រទេសកម្ពុជាថា ក្នុងដំណើរទស្សនកិច្ចនេះ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ចំនួន៣ នឹងត្រូវចុះហត្ថលេខារវាងកម្ពុជា និងវៀតណាម។សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនោះរួមមាន៖ សន្ធិសញ្ញាស្តីពីការផ្ទេរអ្នកទោស, សន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ព្រហ្មទណ្ឌ និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ សាសនា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

បើតាមលោក ស្រ៊ី ថាមរុង្គ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០ និង២១ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះ សំណាលការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីវៀតណាម ហើយក៏នឹងជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ លោក ង្វៀន ហ៊្វូ ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក ត្រាន់ ដាយ ក្វាង ប្រធានាធិបតីវៀតណាម និង លោកស្រី ង្វៀន ធីគឹម ងិន ប្រធានរដ្ឋសភាវៀតណាម។

សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏នឹងទទួលជួបសម្តែងការគួរសមពីសមាគមមិត្តភាពកម្ពុជា-វៀតណាម ថ្នាក់ដឹកនាំក្រុងហូជីមិញ និងអតីតយុទ្ធជនវៀតណាមផងដែរ។

លោក ស្រ៊ី ថាមរុង្គ បានឲ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ខ្មែរ ដែលបានពលីជីវិតក្នុងចលនាតស៊ូរំដោះប្រទេសចេញពីរបបខ្មែរក្រហម ដែលបច្ចុប្បន្នធាតុរបស់ពួកគាត់ត្រូវបានតម្កល់ទុកនៅលើទឹកដី នៃខេត្តដុងណាយ ក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញប្រារព្ធពិធីអបអរសាទរខួបលើកទី ៣៨ឆ្នាំ នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិ ២ធ្នូ និងថ្ងៃជ័យជម្នះ ៧មករា។ សម្តេចតេជោ ហ៊ុន សែន នឹងបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាមនៅថ្ងៃទី២១ ខែធ្នូ ស្អែកនេះ ហើយត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណជា ៦ល្ងាច។

សូមបញ្ជាក់ថា គណៈប្រតិភូ ដែលអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេលពីរថ្ងៃនេះ រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស, លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត៕