(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ប៉ា ណារ៉ុន ដែលស្វាមីលោកជំទាវលោក​ អ៊ុន ដែន ទីប្រឹក្សាក្រសួងការពារជាតិទទួលមរណភាព ក្នុងវ័យ៦៦ឆ្នាំ ដោយរោគាពាធ។

នៅក្នុងលិខិតរំលែកទុក្ខរបស់សម្តេចបានរៀបរាប់ថា៖ «មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ ឯកឧត្តម អ៊ុន ដែន គឺជាថ្នាក់ដឹកនាំ និងជាសកម្មជន១រូប នៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកជួយកសាងសមិទ្ធផលសង្គមនានា ជួយលើស្ទួយដល់ជីវភាពប្រជាជននៅតាមមូលដ្ឋានបន្សល់ទុក នូវស្នាដៃជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ»។