(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជា បានជំពាក់កាលពីសម័យសាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល នាអំឡុងឆ្នាំ១៩៧០។
ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចបានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យ មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះបានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុល សម្រាប់សងដល់វិនាសកម្មនេះ។
សម្តេចបានលើកឡើងបន្ថែមថា អាមេរិក បានផ្តល់ប្រាក់កម្ចីទៅឱ្យរបប លន់ ណុល ដែលជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ប៉ុន្តែបំណុលនេះបាន ក្លាយជាបន្ទុកដល់រដ្ឋាភិបាលនាពេលបច្ចុប្បន្នទៅវិញ។ សម្តេចបានចាត់ទុកថា បំណុលនោះគឺជាបំណុលកខ្វក់មួយ ដែលគ្រាន់តែដូចជាគ្រាប់បែកទម្លាក់មកលើក្បាលកម្ពុជាតែប៉ុណ្ណោះ។ សម្តេចបានចោទជាសំណួរថា តើអាមេរិកគួរតែទទួលពានរង្វាន់អំពីការធ្វើបែបនេះ ឬត្រូវយកទៅកាត់ទោសនៅតុលាការអន្តរជាតិ ចំពោះសោកនាដកម្មនៅប្រទេសកម្ពុជា និងសង្រ្គាមនៅប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រៀបប្រដូចវិនាសកម្ម នៅមជ្ឈឹមបូព៌ាពេលនេះ ដែលបណ្តាលមកពីបដិវត្តន៍ជំរុញដោយ ប្រទេសមហាអំណាចអាមេរិក ទៅនឹងវិនាសកម្មនៅកម្ពុជា ដែលបណ្តាលមកពីរដ្ឋប្រហារទម្លាក់សម្តេចសីហនុ នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៧០ផងដែរ។ សម្តេចថា នៅកម្ពុជា អាមេរិកបានទម្លាក់សម្តេច សីហនុ ទើបមានសង្រ្គាម ហើយនៅមជ្ឈឹមបូព៌ា អាមេរិកបានទម្លាក់ សាដាម ភូសេន ទើបមានសង្រ្គាមដែរ។
សម្តេចបានបញ្ជាក់ថា នេះហើយដោយសារតែការនិយាយថាផ្លាស់ប្តូរ។ សម្តេចបានថ្លែងថា ទោះបីជាការផ្លាស់ប្តូរណាក៏ដោយមិនត្រូវធ្វើឱ្យកម្ពុជា ធ្លាក់ទៅក្នុងសង្រ្គាមទេ ហើយសម្តេចអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ការពារឱ្យបាននូវសន្តិភាព នាពេលបច្ចុប្បន។ សម្តេចបញ្ជាក់ថា ជនទាំងឡាយត្រូវយល់ថា មិនគួរគ្រាន់តែស្អប់សម្តេចតែម្នាក់ បែរជាបង្កឱ្យមានអស្ថិរភាពនៅកម្ពុជា នោះទេ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖