(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការចូលរួមប្រឡងលើវិញ្ញាសារ សរសេររួចមក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បេក្ខជនដែលចង់ចូលបម្រើជានាយទាហានសកម្ម បានបន្តប្រកួតលើវិញ្ញាសារ ៣ប្រភេទទៀត រួមមាន៖ រត់ចម្ងាយ លោតចម្ងាយ និងចោលដុំដែក។

សម្រាប់បេក្ខជនដែលប្រឡងនៅមណ្ឌលភ្នំពេញ បានធ្វើឡើងនៅបរិវេណស្តាតចាស់ ក្រោមការត្រួតពិនិត្យពីលោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានអនុគណៈកម្មាការហ្វឹកហ្វឺន ព្រមទាំងថ្នាក់ដឹកនាំយោធាមួយចំនួនទៀត។

សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញទី២៥ ខែធ្នូ ឆ្នាំ២០១៦ បេក្ខជនជាង៤.០០០ នាក់ បានដាក់ពាក្យប្រឡង ចូលធ្វើជានាយទាហានសកម្ម នាយទាហានកងទ័ពជើងគោក និងនាយទាហានបន្តវេន នៅមណ្ឌលវិទ្យាល័លបាក់ទូក និងតាមមណ្ឌលនៅបណ្តាខេត្តមួយចំនួន។ នៅក្នុងចំណោមបេក្ខជនជាង ៤,០០០ នាក់នេះ គឺជ្រើសរើស យកនាយទាហានចំនួនតែចំនួន៦២០នាក់ ប៉ុណ្ណោះ រួមមាន៖ ១២០នាក់សម្រាប់នាយទាហានសកម្ម ២៥០នាក់សម្រាប់ទាហានជើងគោក និង២៥០នាក់ សម្រាប់នាយទាហានបន្តវេន។

សម្រាប់ការប្រឡើងបេក្ខជននាយទាហានជើងគោក និងនាយទាហានបន្តវេន នឹងធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០១៦។

សូមបញ្ជាក់ថា កាលពីម្សិលមិញ នៅក្នុងការប្រឡងត្រូវបានរៀបចំឡើងមានចំនួន៦ មណ្ឌលរួមមាន៖ នៅភ្នំពេញ នៅខេត្តស្ទឹងត្រែង ខេត្តកំពត ខេត្តបាត់ដំបង ខេត្តសៀមរាប និងនៅយោធភូមិភាគខេត្តកំពង់ចាម៕