(កំពង់ធំ)៖ តំបន់ប្រតិបតតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៦ បានទទួលអង្ករ ចំនួន ០៣តោន ដែលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ តាមរយៈលោក ហ៊ុន ម៉ាណែត សម្រាប់យកទៅចែកជូនដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនពលី មរណៈនៅក្នុងខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា អង្ករនេះជាអំណោយលើកទីពីរហើយ នៅក្នុងឆ្នាំ២០១៦ ដែលសម្តេចបានផ្តល់ជូន តាមរយៈ លោក ហ៊ុន ម៉ាណែត សម្រាប់ចែកជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន​ក្នុងខេត្តកំពង់ធំ។

លោកបានបន្ថែមថា កន្លងមកនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់ផ្ទះ ចំនួន២០ខ្នងផងដែរសម្រាប់ ផ្តល់ជូនអតីតយុទ្ធជនខេត្តកំពង់ធំ​ ដោយក្នុងនោះ ១១ខ្នងផ្ទះត្រូវបានសាងសង់ និងប្រគល់ជូនរួចរាល់ដល់បងប្អូន អតីតយុទ្ធជន និងកំពុងបន្តសាងសង់ថែមទៀត ដើម្បីធ្វើយ៉ាងណាផ្តល់លំនៅដ្ឋានឲ្យបាន សមរម្យដល់ពួកគាត់ស្របទៅតាម ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលជានិច្ចកាលយើងតែងតែដឹងគុណ ជានិច្ចចំពោះគុណូបការៈរបស់ អតីតយុទ្ធជនយើង ដែលបានបូជាកម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ៕