(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ បានដាក់អនុសាសន៍ណែនាំដល់គ្រប់អាជ្ញាធរទាំងអស់ ក្នុងមូលដ្ឋានក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវពង្រឹងការការពារសន្តិសុខសណ្ដាប់ធ្នាប់ សង្គមជូនប្រជាពលរដ្ឋ ឲ្យបានខ្លាំងក្លា បន្ថែមទៀត ពិសេសក្នុងពេលដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ មកដល់នាពេលខាងមុខ។  

ការគិតគូយ៉ាងយកចិត្តទុកដាក់បែបនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំជាមួយ អភិបាលក្រុងច្បារមន និងចៅសង្កាត់ទាំង៥ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស្តាប់របាយការណ៍ស្តីពី សភាពការណ៍ទូទៅក្នុងក្រុងរបស់ចៅសង្កាត់នីមួយៗ និងរបាយការណ៍ស្តីការចុះឈ្មោះបោះឆ្នោត នាពេលកន្លងមក។

អភិបាលក្រុង និងចៅសង្កាត់ទាំង៥ បានឲ្យដឹងថា ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម មានលក្ខណៈល្អប្រសើរ ជាទូទៅ។ ឯការងារសេដ្ឋកិច្ច សង្គមកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋ ក៏បានដំណើរការស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កា ផងដែរ។

មន្រ្តីមូលដ្ឋានដដែលបានបន្តថា ភ្លៀងចុងឆ្នាំបណ្តាលឲ្យមានការលិចលង់ភូមិសាស្រ្តមួយចំនួន និងធ្វើឲ្យខូចខាតផ្លូវ និងផលស្រូវមួយចំនួន របស់ប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែអាជ្ញាធរមូលដ្ឋាន ក៏បាននិងកំពុងជួសជុលផ្លូវដែលខូចខាតនោះ ឡើងវិញជាបណ្ដើរៗដែរ។

អភិបាលក្រុងច្បារមនបានបន្ថែមថា ចំពោះការងារការចុះឈ្មោះបោះឆ្នោត កាលពីពេលកន្លងទៅ មានប្រជាពលរដ្ឋទៅ ចុះឈ្មោះបោះឆ្នោត ជាង៩០ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលដល់អាយុបោះឆ្នោត ក្នុងក្រុងច្បារមនទាំងមូល។

បន្ទាប់ពីស្ដាប់នូវរបាយកាណ៍ចប់ហើយ សម្ដេច សាយ ឈុំ បានជំរុញឲ្យអភិបាលក្រុង ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវខិតខំ បំពេញការងារជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីសម្រេចលទ្ធផលធំៗថ្មីៗ រួមចំណែកដល់ការកសាងអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីរបស់ប្រជាជន។

សម្ដេចក៏បានរំលឹកដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ដល់ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីធានាឲ្យដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈសេរី និងយុត្តិធម៌ ទទួលយកបានទាំងអស់គ្នា៕