(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសមិនឱ្យមានសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជួបជុំរៀបចំពិធីណាមួយ តំបន់ផ្លូវវេងស្រេង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ស្អែកនេះទេ។ នេះបើតាមលិខិតរបស់ លោកអភិបាលរាជធានី ផ្ញើទៅកាន់អភិបាលខណ្ឌមានជ័យ នៅថ្ងៃទី០២ ខែមករានេះ។

ការចេញលិខិតរបស់ លោក ប៉ា សុជាតិវង្ស បានធ្វើឡើង​បន្ទាប់ពី​មានព័ត៌មាន​បានផ្សព្វផ្សាយថា សង្គមស៊ីវិល និងអ្នករងគ្រោះមួយចំនួន គ្រោងរម្លឹកខួប៣ឆ្នាំ នៃការប៉ះទង្គិចគ្នា​រហូតដល់​មានអ្នកស្លាប់ នៅលើផ្លូវវ៉េងស្រេង នៅថ្ងៃស្អែកនេះ ដើម្បីឧទ្ទិសកុសល​ដល់អ្នកដែល​បានស្លាប់​ដោយការ​ប៉ះទង្គិចគ្នានេះ។

លោក ប៉ា សុជាតិវង្ស បានព្រមាននៅក្នុងលិខិតនោះថា ចំពោះជនណា​ដែលបង្កឱ្យបាត់បង់​សណ្តាប់ធ្នាប់ និងសន្តិសុខ​សាធារណៈដូចបានពោលខាងលើ ត្រូវចាត់វិធាន​ការតាមផ្លូវ​ច្បាប់ឱ្យបានហ្មឹងម៉ាត់។

លោក ប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ដែរថា បើសិនជាពួកគេ​ចង់រៀបចំពិធីនោះមែន ត្រូវធ្វើនៅទីវត្តអារាម ឬនៅលំនៅដ្ឋាន​ជនរងគ្រោះ៕