(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បាន​ឱ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​ គ្រោង​នឹង​ធ្វើ​ការ​កាត់​របា​ ឫផ្ទាំងផ្សាយពាណិជ្ជកម្ម​ទាំងអស់ដែល​ដាក់កាត់​​ទទឹង​ផ្លូវ ដែលមានចំនួន៤៩កន្លែង។

ការបញ្ជាក់របស់អភិបាលរងរាជធានីភ្នំពេញរូបនេះ បានធ្វើឡើងនាព្រឹក​ថ្ងៃ​ទី​០៣ ខែមក​រា ឆ្នាំ២០១៧ ក្នុងជំនួបរវាងតំណាងក្រុមហ៊ុន ផ្សាយពាណិជ្ជកម្ម ជាច្រើន នៅសាលារាជធានីភ្នំពេញ។

លោកអភិបាលរងបញ្ជាក់​ថា របា​ពាណិជ្ជកម្ម ដាក់កាត់ទទឹងផ្លូវ ​គឺ​មាន​៤៩កន្លែង ​ហើយដោយឡែកចំពោះផ្ទាំងប៉ាណូ ស្លាកយីហោ នាឡិកា ប្រអប់ភ្លើង បង្គោលភ្លើង ដែលដាក់តាំងនៅគ្រប់កន្លែងក្នុងក្រុង មានចំនួន ៣៦៤៤កន្លែង។

សូមបញ្ជាក់ថា ការចេញសេចក្តីសម្រេចកាត់ផ្ទាំងផ្សាយប៉ាន់ណូដែលដាក់កាត់ទទឹងផ្លូវនេះ បានកើតឡើង ក្រោយពីមានការរិះគន់ ពីមជ្ឈដ្ឋានជាច្រើនថា ការដាក់បែបនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវដែលឆ្លងកាត់ និងកាត់តែរិះគន់ទៅទៀតនោះ គឺប៉ះពាល់ដល់ការយាងរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ដែលនៅពីក្រោមផ្ទាំងផ្សាយពាណិជ្ជកម្មទាំងនេះ៕