(ភ្នំពេញ)៖ ជំនួបរវាងលោក តូនី តាន់ កេងយាំ ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមហើយ ក្នុងវិមានសន្តិភាព នៅម៉ោង៤៖០០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ។

អំឡុងជំនួប​នេះក្រៅពីសំណេះសំណាលអំពីបញ្ហាផ្សេង ដើម្បីរឹតចំណងមិត្តភាព កម្ពុជា-សិង្ហបុរី នឹងចុះអនុស្សារណៈយោគយល់ (MOU) ចំនួន២ ក្នុងនោះរួមមាន អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី និងពិធីចុះហត្ថលេខា លើអនុស្សារណៈរវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng របស់ប្រទេសសិង្ហបុរី។

សូមបញ្ជាក់ថា លោក តូនី តាន់ កេងយាំ បានមកដល់ប្រទេសកម្ពុជា កាលពីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់១១ ខែមករា ឆ្នាំ២០១៧។ អំឡុងមកដល់ប្រទេសកម្ពុជា លោកប្រធានាធិបតីសិង្ហបុរី ក៏បានចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី០៩ ខែមករានេះផងដែរ៕