(ភ្នំពេញ)៖ បុរសម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ មាននារីម្នាក់ត្រូវជាគូដណ្តឹង ដែលត្រូវក្រុមចោរតាមប្លន់ដល់មុខផ្ទះ ហើយបើកការបាញ់ប្រហារស្ថិតនៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមននោះ បានស្លាប់ហើយនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ។
តាមរយៈវិដេអូ ដែលថតបានពីសកម្មភាពបាញ់ប្រហារខាងលើនេះ បង្ហាញថា ជនរងគ្រោះត្រូវក្រុមចោរបាញ់ពីខាងក្រៅតាមកញ្ចក់រថយន្ត ដោយសារតែខឹងជនរងគ្រោះបើករថយន្ត ទៅបំបុកពួកគេ ខណៈកំពុងប្រតាយប្រតប់ជាមួយនារីជាគូដណ្តឹង និងបងប្អូនស្រីម្នាក់ទៀតនៅមុខផ្ទះ (សូមទស្សនាវិដេអូខាងក្រោម)។
នៅព្រឹកថ្ងៃដដែលនេះនៅកន្លែងកើតហេតុ គេសង្កេតឃើញវត្តមានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សុង លី ស្នងការរងនគរបាល បានដឹកនាំមន្រ្តីនគរបាលជំនាញមួយក្រុម ចុះទៅសួរនាំបន្ថែមពីករណីប្លន់បាញ់ប្រហារខាងលើនេះ។
សូមបញ្ជាក់ថា ជនរងគ្រោះ៣នាក់ បានរងរបួសធ្ងន់ និងស្រាលដោយក្រុមចោរបានប្លន់ និងបាញ់ប្រហារដល់មុខផ្ទះ នាម៉ោង២រំលងអាធ្រាត្រថ្ងៃទី២១ ខែមករាឆ្នាំ២០១៧ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជិតផ្សារទំនើបសុវណ្ណា។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពទៅឆក់កាបូប និងទូរស័ព្ទ ជនរងគ្រោះជានារីម្នាក់ពេលចុះបើកទ្វារ ស្រាប់តែពេលនោះជនរងគ្រោះម្នាក់ទៀតដែលនៅក្នុងរថយន្តត្រូវជាគូដណ្តឹង បានបើកបុកធ្វើឲ្យជនសង្ស័យខឹង ក៏បើកការបាញ់ប្រហារតែម្តងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលទាំង៣នាក់។
ជនរងគ្រោះជិះរថយន្តសេរីទំនើប១គ្រឿងម៉ាក Lexus ពណ៌សស្លាកលេខភ្នំពេញ 2AI-8799 ចេញមកពីក្លឹប Epic មកផ្ទះ។
បន្ទាប់ពីបាញ់ឲ្យរងរបួសហើយជនរងគ្រោះទាំង៣ត្រូវបានបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីជួយសង្គ្រោះអាយុជិវិតផងដែរ។ ប៉ុន្តែនៅពេលនេះបុរសជាគូដណ្តឹងបានស្លាប់ហើយ៕