(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានក្រើនរំលឹកឧត្តមស្នងការអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ត្រូវគោរពដែនអធិបតេយ្យ និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។ ការមិនរំលោភដែនអធិបតេយ្យ និងមិនជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងនេះ ដើម្បីរក្សាបានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងស្នើឲ្យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កុំរំលោភលើដែនអធិតេយ្យ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាលើកដំបូងរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកស្រី Wan Hea-Lee តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (OHCHR) បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាព្រមព្រៀង និងអនុញ្ញាតឲ្យ ការិយាល័យនេះមានវត្តមាននៅកម្ពុជាជាថ្មីកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ កិច្ចពិភាក្សាបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
រាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយគ្នាជាថ្មីកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដោយព្រមព្រៀងឲ្យមានវត្តមានការិយាល័យអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា។ មុននឹងការចុះកិច្ចព្រមព្រៀងនេះ គឺមានការចម្រូងចម្រាស់ច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ដោយមិនចង់ឲ្យការិយាល័យនេះបន្តមានវត្តមាននៅកម្ពុជា ក្រោមការលើកឡើងថា ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិធ្វើការមានភាពលំអៀងលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្រោយជំនួបថា ក្នុងជំនួបពិភាក្សាជាលើកដំបូង ក្រោយកម្ពុជាអនុញ្ញាតឲ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនេះ លោករដ្ឋមន្រ្តី ប្រាក់ សុខុន បានសំណូមពរឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ត្រូវយកចិត្តទុកដាក់គោរពឲ្យបានត្រឹមត្រូវលើអធិបតេយ្យភាពរបស់កម្ពុជា និងចៀសការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ស្របតាមមាត្រា ២ (៧) នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការកំណត់ក្នុងក្រមប្រតិបត្តិនានារបស់មន្រ្តីរដ្ឋបាលអន្តរជាតិ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានរំលឹកពីភាពចាំបាច់លើការធ្វើឲ្យបានស្របគ្នាលើបញ្ហាសិទ្ធិសេរីភាពភាគីពាក់ព័ន្ធនានា ក៏ដូចជាទីភ្នាក់ងារអន្តរជាតិជាមួយការប្រតិបត្តិរបស់ប្រទេសកម្ពុជាជាម្ចាស់ផ្ទះផងដែរ។
ឆ្លើយតបសំណើរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន លោកស្រី Wan Hea-Lee បានគូសបញ្ជាក់ពីភាពស្មោះត្រង់របស់លោកស្រី និងថា អ្វីដែលលោកស្រីធ្វើ គឺក្នុងក្របខណ្ឌសិទ្ធិមនុស្សតែប៉ុណ្ណោះ មិនមានពាក់ព័ន្ធអ្វីផ្សេងនោះឡើយ។
ទោះបីជាយ៉ាងណាក្នុងជំនួបនោះ លោករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Wan Hea-Lee បានពិភាក្សាគ្នាក្នុងការពង្រឹងការអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យបានជោគជ័យផងដែរ។
បើតាមលោក ជុំ សុន្ទរី ដើម្បីឲ្យការអនុវត្តន៍លើកិច្ចព្រមព្រៀងឲ្យបានជោគជ័យ និងបង្កើនជំនឿចិត្តជាមួយគ្នានោះ លោកស្រី Wan Hea-Lee បានស្នើឲ្យមានការជួបពិភាក្សាគ្នាឲ្យបានជាប្រចាំរវាងឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាមួយក្រសួងការបរទេសកម្ពុជា។
ឆ្លើយតបសំណើនេះលោក ប្រាក់ សុខុន ចង់ឲ្យមានការជួបពិគ្រោះជាទៀងទាត់រយៈ ៣ខែម្តងទៅតាមភាពចាំបាច់នៃការងារ។ លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឧត្តមស្នងការបង្ហាញរាជរដ្ឋាភិបាលពីគម្រោងការងារនៅឆ្នាំ២០១៧ ក៏ដូចជាផែនការសកម្មភាពលើកស្ទួយសិទ្ធិ មនុស្សនៅកម្ពុជា ក្នុងកិច្ចប្រជុំជាមួយរាជរដ្ឋាភិបាលនៅដើមឆ្នាំនេះផងដែរ។
លោកស្រី Wan Hea-Lee ក៏បានបង្ហាញការប្តេជ្ញាចិត្តពង្រឹងការងារជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការរវាងឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕