(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជូនមេក្លោង-បក្ខពួក ជួញដូរគ្រឿងញៀន ដ៏សកម្មប្រចាំតំបន់រ៉ារថភ្លើង និងរោងចក្រឆ្នាំង សរុបចំនួន៥នាក់ ស្ថិតក្នុងខណ្ឌដូនពេញ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។

អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនមេក្លោង និងបក្ខពួកជួញដូរគ្រឿងញៀនខាងលើនេះ ដំបូងឡើយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ អាវុធហត្ថខណ្ឌដូនពេញ និងកម្លាំងជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ បានស្រាវជ្រាវតាមដាន នៅតំបន់រោងចក្រឆ្នាំង និងរ៉ារថភ្លើង រហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យបាន៤នាក់ និងដកហូតថ្នាំញៀនបាន២០៣កញ្ចប់។ ប្រតិបត្តិការនេះមានការចូលរួមពីគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។

បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្វែងរកមេក្លោងឈ្មោះ អែម អន (ហៅអាឆេះ) រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបស្រាវជ្រាវឃាត់ខ្លួនបាន នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចអាវុធហត្ថ បានបន្ថែមទៀតថា តាមការចង្អុលបង្ហាញរបស់បក្ខពួកវា ឈ្មោះ អែម អន (ហៅអាឆេះ) គឺជាមេក្លោងធំ ដែលប៉ាវផ្តាច់ការជួញដូរ និងចរាចរគ្រឿងញៀន ក្នុងតំបន់រ៉ារថភ្លើង និងរោងចក្រឆ្នាំងទាំងមូល និងជាមុខសញ្ញាចាស់ដែលមានដីកាចាប់ខ្លួន-ឃុំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ជាប់ចោទពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចមុខក្លឹបនាគមាស ក្រុមទី០៤ ផ្លូវជាតិ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ដោយផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៣ឆ្នាំ។

រឿងដែលគួរឲ្យចាប់អារម្មណ៍មួយ គឺក្រោយពេលចាប់ខ្លួនឈ្មោះ អែម អន (ហៅអាឆេះ)បាន សកម្មភាពចរាចរគ្រឿងញៀន នៅតំបន់រោងចក្រឆ្នាំង និងរ៉ារថភ្លើង ហាក់មានសភាពស្ងប់ស្ងាត់គួរឲ្យកត់សំគាល់។

ជាមួយគ្នានេះដែរ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវផងដែរថា ការតាមចាប់ខ្លួនមេក្លោងគ្រឿងញៀន គឺមិនមែនជាការងាយស្រួលនោះទេ ព្រោះថា ពួកនេះគឺមានល្បិចច្រើន ក្នុងការបង្វែរដាន និងគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ដូច្នេះសូមឲ្យប្រជាពលរដ្ឋទូទៅ ជួយសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីជាប្រយោជន៍ក្នុងការបោសសំអាតពួកឧក្រិដ្ឋជនទាំងនេះ៕