(ភ្នំពេញ)៖ ក្រោយដើររហេតរហូតគ្មានទិសដៅ រហូតឈានទៅដល់ការឡើងឆូតក្រវ៉េមក្រវ៉ាម លើស្លាកគណបក្ស​ប្រជាជន​កម្ពុជា បុរសសរសៃប្រសាទម្នាក់ ត្រូវបានកម្លាំងនគរបាលល្បាត ចាប់ឃាត់ខ្លួនបញ្ជូនទៅសួរនាំ នៅអធិការដ្ឋាន​ខណ្ឌ​មានជ័យ។ តាមលិខិតបញ្ជាក់ពីមន្ទីរពេទ្យ បុរសម្នាកនោះ មានជំងឺសរសៃប្រសាទ តែបន្ទាប់ពីការសួរនាំទៅ អាចមានអ្នក​នៅពីក្រោយខ្នងផងដែរ។

ការចាប់ឃាត់ខ្លួននេះ ត្រូវបានកម្លាំងនគរបាល ចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (យកផ្លែកាំបិត​ឆូតស្លាក​គណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ)។

មន្រ្តីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង១២៖៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ​នៅចំណុច​ផ្លូវបេតុង ភូមិមាន​ជ័យ​១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំង​ល្បាតនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ បានឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ បូក ធីតា ហៅដា អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩២ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (យកផ្លែកាំបិតឆូតស្លាក គណបក្សប្រជាជនកម្ពុជា នៅសង្កាត់​ស្ទឹងមានជ័យ) តំណាងដោយឈ្មោះ ឈឺន សាគីម អាយុ៦៩ឆ្នាំ មេភូមិមានជ័យ១។

សម្ភារបាត់បង មានស្នាមដាច់រហែកស្លាក គណបក្សប្រជាជនកម្ពុជា អស់មួយចំនួន។ ​ផ្លែកំាបិតចំនួន២ ស្រោមផ្លែកាំបិតជ័រ​ពណ៌ខៀវចំនួន១ មួកកាតិបពណ៌ប្រផេះ ប៉ាក់ឈ្មោះ បូក ធីតា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំនួន៤សន្លឹក (ថត​ចម្លង៣សន្លឹក) ស្លាកឡូហ្គោរបស់ គណបក្សប្រជាជនកម្ពុជា ឆូតដាច់មួយចំនួន។

រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជនសង្ស័យ​កំពុងតែសួរនាំ​ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានី​ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕