(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ផ្ទៃក្នុងប្រទេសកម្ពុជា ក្រុមជ្រុលនិយមមួយចំនួន នៅតែចិញ្ចឹមមហិច្ឆិតាញុះញង់ ប៉ុនប៉ងបង្កឲ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ប៉ុន្តែកម្ពុជានូវតែបន្តរក្សាបានយ៉ាងគត់មត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់។

នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម បានលើកឡើងថា «បើទោះបីក្រុមជ្រុលនិយមមួយចំនួន នៅតែចិញ្ចឹមមហិច្ឆិតាញុះញង់ ប៉ុនប៉ងបង្កឲ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គមយ៉ាងណាក្តី ក៏កម្ពុជានូវតែបន្តរក្សាបានយ៉ាងគត់មត់នូវ សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងស្គមទាំង ដែលជាការផ្តល់ភាពអនុគ្រោះដល់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយសម្រេចបានកំណើនសេដ្ឋកិច្ច៧%ជាបន្តទៀត»

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានជំរុញអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីពង្រឹងឲ្យបានកាន់តែរឹងមាំ ថែមទៀត នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការគោរពច្បាប់សំដៅជំរុញឲ្យបានខ្លាំងក្លានូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព រយៈពេលវែងជាបន្តទៀត និងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងសង្គមទាំងមូលរាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្ត នូវយុទ្ធនាការព្រមៗគ្នាទូទាំងប្រទេស ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស រួមមានប្រយុទ្ធប្រឆាំងគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ សកម្មភាពលួច ឆក់ ប្លន់ ពិសេសអំពើប្លន់ប្រដាប់អាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ក្រាបបទល្មើស ព្រៃឈើ ធនធានធម្មជាតិ បទល្មើសនេសាទនៅបឹងទន្លេសាប និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក៕