(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជំរុញឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវផ្ដល់ទិន្នន័យមន្រ្តីរាជការ មន្រ្តីចូលនិវត្តន៍ និងអតីតយុទ្ធជន មកបេឡាជាតិ របបស្តិសុខសង្គម (ប.ស.ស) ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។

អនុសាសន៍នេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ ព្រះរាជក្រឹត្យស្តីពី ការបង្កើតរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព​ សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលមានការចូលរួមពីបណ្តាក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិប្រមាណ២៧០នាក់។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពី ការរៀបចំ និងការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គម ផ្នែកគ្រោះថ្នាក់ការងារ​ និងផ្នែកថែទាំសុខភាព ដល់មន្ត្រីសាធារណៈ ជាពិសេសការកំណត់លក្ខខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិក អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទាន។

លោករដ្ឋមន្រ្តីប្រកាសថា «ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការផ្ដល់ទិន្នន័យមន្រ្តីសាធារណៈ មន្រ្តីចូលនិវត្តន៍ និងអតីតយុទ្ធជន មកបេឡាជាតិរបបស្តិសុខសង្គម ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព»

លោក អ៉ិត សំហេង បានដាក់អនុសាសន៍ដល់ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម ននិងជា្រធាក្រុមការងារ បច្ចេកទេសអន្តរក្រសួង ត្រូវរៀបចំដាក់ឲ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដើម្បីជំរុញ ការរៀបចំដាក់ឲ្យអនុវត្តបានក្នុងឆ្នាំ២០១៧នេះ រួមមាន៖

១.បន្តជំរុញរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្ដល់តាវកាលិក
២.បន្តជំរុញរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទាន
៣.បន្តរៀបចំសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពី ដំណាក់កាល និងកាលបរិច្ឆេទជាក់លាក់
៤.បន្តរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត

លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឲ្យដឹងថា មន្ត្រីសាធារណៈទទួលរងគ្រោះថា្នក់ការងារ នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖ ការព្យាបាល និងការថែទាំវេជ្ជសាស្ត្រ, ប្រាក់វិភាជន៍ សម្រាប់ជនរងគ្រោះបាត់បង់សមត្ថភាពការងារក្រោម ២០ភាគរយ, ធនលាភ សម្រាប់ជនរងគ្រោះបាត់បង់សមត្ថភាពការងារចាប់ពី ២០ភាគរយ ឡើងទៅ, វិភាជន៍បូជាសព សម្រាប់ចាត់ចែងធ្វើបុណ្យសព, ធនលាភឧត្តរជីវី សម្រាប់ផ្តល់ជូនដល់ប្តី ឬប្រពន្ធ កូន និងជនចាស់ជរា នៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ។

លោកបានបន្តថា មន្ត្រីសាធារណៈ នឹងទទួលបានរបបថែទាំសុខភាព ដូចខាងក្រោម៖ សេវាបង្ការ និងថែទាំសុខភាព, សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ, ពិគ្រោះជំងឺ សេវាសង្គ្រោះបន្ទាន់ ព្យាបាលដោយស្អំ ព្យាបាលដោយចលនា សម្រាលកូន, សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ, សេវាព្យាបាល និងថែទាំ មុននិងក្រោយសម្រាល, សេវាស្តារនីតិសម្បទា, សេវាបញ្ជូនជនរងគ្រោះ, សេវាបញ្ជូនសព។

ចំពោះភាគទានវិញ រួមមាន៖ ភាគទានហានិភ័យការងារ (គ្រោះថ្នាក់ការងារ) ជាបន្ទុករបស់រដ្ឋ និងភាគទានថែទាំសុខភាព ជាបន្ទុករួម (រដ្ឋ និងមន្ត្រីសាធារណៈ) ដែលមន្រ្តីរាជការ មន្រ្តីចូលនិវត្តន៍ និងអតីតយុទ្ធជន នឹងទទួលបានថែមទៀតផងដែរ៕