(ភ្នំពេញ)៖ គណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានប្រកាសដាក់ឱ្យអនុវត្ត «គម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី២» ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧  នៅសណ្ឋាគារសុខាភ្នំពេញ។

ពិធី «ដាក់ឱ្យអនុវត្តគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២» ជាផ្លូវការ មានការចូលរួមពី លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រង គម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតំណាងឲ្យ ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និង មានការចូលរួមពីតំណាងក្រសួងស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍ និង សមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រង គម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី១ និងជំហានទី២។

លោក មន្ត ប្រាថ្នា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន និងជាអនុប្រធានប្រចាំការ ក្រុមការងារគ្រប់គ្រងគម្រោង ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានថ្លែងថា ដោយមានការគាំទ្រពេញលេញ របស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន និងការ ដឹកនាំផ្ទាល់របស់បណ្ឌិត ហ៊ាន សាហ៊ីប ជំហានទី១នេះ ទទួលបានផ្លែផ្កាជាទីមោទនៈ ហើយទីប្រឹក្សា របស់ធនាគារពិភពលោក បានធ្វើការកត់សម្គាល់ និង វាយតម្លៃខ្ពស់លើការអនុវត្ត គម្រោងជំហានទី១នេះថា «ជាកំណត់ត្រាដែលកម្រមានក្នុងបទពិសោធន៍ នៃការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់ប្រព័ន្ធ FMIS នៅលើពិភពលោក ដែលអាចអនុវត្តកិច្ចសន្យា ដោយពុំមានបញ្ហាវិវាទធំៗ ឬពុំមានការ ពន្យារពេលយូរ ឬការបង់ថ្លៃបន្ថែម»
 
ដូចគ្នានេះនៅក្នុងជំហានទី២នេះ ប្រព័ន្ធ FMIS នឹងបន្ថែមមុខងារសំខាន់ចំនួន៤ ថែមទៀត ទី១. មុខងាររៀបចំថវិកា, ទី២. មុខងារ លទ្ធកម្ម, ទី៣. មុខងារ គ្រប់គ្រងទ្រព្យសម្បត្តិ និងទី៤. មុខងារគ្រប់គ្រងសន្និធិហើយ ការអនុវត្តក៏នឹងត្រូវពង្រីកដល់ គ្រប់ក្រសួង-ស្ថាប័ន, អង្គភាព និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចូលរួមអនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធីទាំងអស់។

លោក មន្ត ប្រាថ្នា បន្តថា ដើម្បីចូលរួមគាំទ្រ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចអភិវឌ្ឍ គម្រោង FMIS ជំហានទី ១ នៅដើមឆ្នាំ ២០១៤ និង ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៅគ្រប់ការដ្ឋានការងារនៅខែ មេសា ឆ្នាំ ២០១៦ ។ នៅក្នុងជំហានទី ១ ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការចំនួន ៦មុខងារ សំខាន់គឺៈ ទី១. មុខងារវិភាជន៍ថវិកា, ទី២. មុខងារគណនី ត្រូវសង, ទី៣. មុខងារបញ្ជារទិញ, ទី៤.មុខងារគ្រប់គ្រង សាច់ប្រាក់, ទី៥. មុខងារគណនីត្រូវទារ និង ទី៦. មុខងារសៀវភៅធំ ហើយ ការអនុវត្តគឺធ្វើឡើងតែនៅតាមអគ្គនាយកដ្ឋានគន្លឹះ និងគ្រប់រតនាគារ រាជធានី-ខេត្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែប៉ុណ្ណោះ ។

ក្នុងឱកាសនោះ លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា សហគមន៍អឺរ៉ុប រីករាយក្នុងការ ចូលរួម ជាមួយរដ្ឋាភិបាល ស៊ុយអែត និង រដ្ឋាភិបាលអូស្រ្តាលី ក្នុងការគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងមូលនិធិសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយដែលមានភាពស័ក្តសិទ្ធ និង ប្រសិទ្ធភាព គឺជាឆ្អឹងខ្នងនៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយហេតុថាក្រសួង ស្ថាប័នជំនាញមានតួនាទីសំខាន់នៅក្នុង ការអនុវត្តការកែទម្រង់ហិរញ្ញវត្ថុ សាធារណៈ លោកអគ្គរដ្ឋទូតបានលើកទឹក ចិត្តឱ្យក្រសួង ស្ថាប័នជំនាញដើរតួនាទីដឹកនាំ និង អនុវត្តកម្មវិធីកែទម្រង់នេះដើម្បីជា ប្រយោជន៍របស់ក្រសួង ស្ថាប័នសាម៉ី និង ប្រទេសជាតិទាំងមូល ។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅឆ្នាំ ២០០៤ ជាមួយឆន្ទៈ នយោបាយដ៏មុតស្រួច និង ឥតរាថយ ក្នុងគោលដៅច្បាស់លាស់គឺការផ្លាស់ប្តូរ ប្រព័ន្ធថវិកាពីថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ ដែលរួមមានបួនដំណាក់កាលគឺៈ ទី១. ការបង្កើនភាពជឿទុកចិត្តលើថវិកា, ទី២. ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ទី៣. ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង ទី៤. ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ។

លោក ហ៊ាន សាហ៊ីប បានបន្ថែមឲ្យដឹងថា ប្រព័ន្ធ FMIS ផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖
ទី១៖ សម្រាប់ប្រទេសកម្ពុជាទាំងមូល ប្រព័ន្ធ FMIS នឹងពង្រឹងបានគោលការណ៍នៃអភិបាលកិច្ចល្អ តាមរយៈការពង្រឹងបាននូវ គណនេយ្យភាព, តម្លាភាព, ភាពអាចព្យាករណ៍បាន, ភាពអាចវាយតម្លៃបាន និង ភាពអាចទទួលបាននូវព័ត៌មានលើការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និង ការអនុវត្តថវិកានៅប្រទេសកម្ពុជា ដែលជាលទ្ធផលនឹងពង្រឹងនូវជំនឿរបស់ប្រជាពលរដ្ឋមកលើ រាជរដ្ឋាភិបាល ។ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រព័ន្ធ FMIS នឹងដើរតួនាទីជាប្រព័ន្ធវាស់វែងលទ្ធផល នៃការអនុវត្ត, ជាឧបករណ៍វាយតម្លៃការអនុវត្តចំណូល-ចំណាយថវិកា និង ជាម៉ាស៊ីនផលិតទិន្នន័យ និង ព័ត៌មាននៃការគ្រប់គ្រង និង អនុវត្តថវិកាគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពច្បាស់លាស់, ជាក់ស្ដែង និង ទាន់ពេលវេលា ព្រមទាំងផ្សារភ្ជាប់ទៅនឹងកម្មវិធី, លទ្ធផល និង សមទិ្ធកម្ម ។

ទី២៖ ម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រព័ន្ធ FMIS នឹងបង្ករភាពងាយស្រួលក្នុងការគ្រប់គ្រងចំណូល-ចំណាយថវិការបស់ ក្រសួង-ស្ថាប័នកាន់ប្រសើរ, គ្រប់គ្រងសាច់ប្រាក់កាន់តែសុក្រឹត និង ពន្លឿនការផ្តល់សិទ្ធិស្វ័យសម្រេចលើការគ្រប់គ្រង និង អនុវត្តថវិកាអង្គភាពថវិកាកាន់តែមានប្រសិទ្ធភាព ។

ទី៣៖ សម្រាប់ក្រសួង-ស្ថាប័ន, អង្គភាព និង រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព័ន្ធ FMIS នឹងផ្តល់ភាពងាយស្រួលក្នុងការតាមដាន ការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាព ព្រមទាំងងាយស្រួលក្នុងការគ្រប់គ្រង និង អនុវត្ត ថវិកាកម្មវិធី ។

ទី៤៖ សម្រាប់មន្រ្តីរាជការ ប្រព័ន្ធ FMIS នឹងផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត, គ្រប់គ្រង និង ស្វែងរកប្រតិបត្តិការហិរញ្ញវត្ថុ និង ការអនុវត្តថវិកា ព្រមទាំងកាត់បន្ថយកំហុស និង បង្កើនប្រសិទ្ធភាពការងារ ។ លើសពីនេះ មន្រ្តីរាជការនឹងមានកាលានុវត្ដភាព ក្នុងការទទួលបាននូវជំនាញថ្មីប្រកបដោយវិជ្ជាជីវៈខ្ពស់ និង មានតម្លៃបន្ថែមកាន់តែខ្ពស់ ។

ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះ ដៃគូអភិវឌ្ឍន៍ទាំងអស់ ពិសេសធនាគារពិភពលោក, សហគមន៍អឺរ៉ុប និង មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងតែជួយសហការ គាំទ្រទាំងផ្នែកបច្ចេកទេស, ហិរញ្ញវត្ថុ និង ការកសាងសមត្ថភាព សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី១ និងនៅតែបន្តគាំទ្រ យ៉ាងពេញទំហឹងសម្រាប់ជំហានទី២៕