(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៦ ក្របខណ្ឌមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ មានចំនួន១២,៤២៧នាក់ (ស្រី២,៩៥៥នាក់) នៅទូទាំង២៥រាជធានី-ខេត្ត។

របាយការណ៍ខាងលើ បានបញ្ជាក់ថា ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មានចំនួន ៩,៩១៣នាក់ ក្នុងនោះមាន មន្រ្តីថ្នាក់ក្រោមជាតិ ចំនួន៨៩០នាក់ និងថ្នាក់ក្រោមជាតិ ៩,០២៣នាក់។ ចំណែកមន្រ្តីពន្ធនគារ មានចំនួន២,៥១៤នាក់ ក្នុងនោះមានមន្រ្តីថ្នាក់ជាតិ ចំនួន៨៨៧នាក់ និងមន្រ្តីថ្នាក់ក្រោមជាតិចំនួន ១,៦២៧នាក់។

សូមជម្រាថា របាយការណ៍នេះ គឺមាននៅក្នុងសន្និបាតបូកសរុបការងារ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមអធិបតី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង ប្រគល់ភារកិច្ច ផ្លាស់ប្ដូរកន្លែងធ្វើការ និងដាក់ឲ្យមន្រ្តីស្ថិតក្នុងភាពទំនេរ គ្មានប្រាក់បៀវត្ស ដោយបញ្ញត្តិ និងអនុញ្ញាតឲ្យមន្រ្តីចូលបម្រើការងារ ក្នុងអង្គភាពដើមវិញ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុប៨៣១នាក់៕