(សៀមរាប)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលសូទ្រនិគម បានចុះពិនិត្យទំនិញនៅទីផ្សារ ស្ថិតនៅផ្សារដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

មន្ត្រីសាខាកាំកុងត្រូល ខេត្តសៀមរាបបានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារ​មួយ​ចំនួន ដែលកំពុងដាក់តាំងលក់ នៅតាមបណ្តាតូបមួយចំនួនរួចមក ជាលទ្ធផល គឺយើងទទួលបានលទ្ធផលល្អ ដោយអំបិល​មានវត្តមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា៖ Borax , Sodium Hydrosulfite (ម្សៅស) និង Salicylic Acid នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

មន្រ្តីកាំកុងត្រូលបានបន្តថា ដោយឡែក ចំពោះការពិនិត្យ មើលលើផលិតផលវេចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារ និងតាមផ្ទះជុំវិញផ្សារ ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួល ខូចគុណភាព ហួស កាលបរិច្ឆទផុតកំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុ ដកហូតយកមករក្សាទុក ដើម្បីរៀបចំនីតិវិធីកំទេចចោលនៅពេលក្រោយ។

មន្រ្តីកាំកុងត្រូលបានបន្តទៀតថា ផលិតផលខូចគុណភាពទាំងនោះរួមមាន៖ ទឹកក្រូចដបជ័រចម្រុះ ភេសជ្ជៈចម្រុះ ទឹកស៊ុអ៊ុវ ស្ពៃកំប៉ុង ម៊ីឡូកំប៉ុង ស្ករគ្រាប់ សរុបមានទម្ងន់ ៥១គីឡូក្រាម។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់​ឲ្យបានយល់ ដឹងអំពីផលប៉ះពាល់ដែលបណ្តាលមកពីការបរិភោគអាហារ ខូចគុណភាព ហួសកាលបរិច្ឆទផុតកំណត់ប្រើប្រាស់ និងអាហារមានដាក់លាយសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

ទាំងនេះដោយមានការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ៕