(ភ្នំពេញ)៖ ជនបង្ក​ ដែលបើករថយន្តបុក​ លោក​ ​ស្រូយ​ នីកា អ្នកកាសែតរស្មីកម្ពុជា និងជាបុគ្គលិកទូរទស្សន៍ CNC​ បណ្តាលឱ្យស្លាប់​នោះ ត្រូវបានសមត្ថកិច្ច ​បញ្ជូន​មក​តុលាការ​ រាជធានីភ្នំពេញហើយ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ២០១៧នេះ។​ ពេលនេះ ជនបង្ក​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់ លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

សូមបញ្ជាក់ថា លោក ស្រូយ នីកា វ័យជាង៣០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយរថយន្តបាញ់ស៊ីម៉ង់ត៍កិនបែកក្បាល។

លោក ស្រូយ នីកា ដែលបានចូលប្រឡូកលើវិស័យព័ត៌មានយូរឆ្នាំរូបនេះ បានជិះម៉ូតូចេញពីហូបការនៅកោះពេជ្រ បំណងទៅផ្ទះនៅតាមផ្លូវវេងស្រេង ស្រាប់តែពេលមកដល់ ចំណុចកើតហេតុ ក៏ជួប​គ្រោះថ្នាក់ចរាចរណ៍តែម្តង ដោយបុកជាមួយរថយន្តបាញ់ស៊ីម៉ង់ត៍ រហូតកិនបែកក្បាលគួរឲ្យ អាណិតយ៉ាងខ្លាំង។

បន្ទាប់ពីទទួលបានព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ ដ៏មិននឹកស្មានដល់ និងដ៏រន្ធត់នេះ ក្រុមអ្នកកាសែតរួមអាជីព បានចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមបួងសួងវិញ្ញាណក្ខន្ធលោក ស្រូយ នីកា ទៅកាន់សុគតិភព៕