(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ តាមរយៈមេធាវីរបស់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណរ៉ា មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានសរសេរលិខិតជូន ប្រធានគណៈកម្មាធិការនាយករបស់គណបក្សរៀងៗខ្លួនដោយ ប្រកាសលាលែងចេញពីសមាជិកភាព នៃគណៈកម្មាធិការនាយក របស់គណបក្សពួកគេហើយ ដោយបាន បញ្ជាក់ថា ការលាលែងនេះដោយសារតែមូលហេតុផ្ទាល់ខ្លួន។

ការលាលែងនេះ គឺធ្វើឡើងក្រោយពេលថ្នាក់ដឹកនាំបក្សសង្រ្គោះជាតិ បានចូលទៅសួរសុខទុក្ខអ្នកទាំងបីរូបនោះ នៅពន្ធនាគារកាលពីពេលថ្មីៗនេះ។ ប៉ុន្តែមូលហេតុពិតប្រាកដ មិនត្រូវបានទំលាយឲ្យដឹងច្បាស់លាស់ក្នុងលិខិតលាលែងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការលាលែងនេះមិនមែន ជាការចៃដន្យនោះទេព្រោះវាបានកើតឡើងក្នុងបរិបទនៃការវិវត្តថ្មីៗនៃស្ថានការណ៍នយោបាយកម្ពុជា បន្ទាប់ពីការលាលែងតំណែងពី ប្រធានបក្សសង្រ្គោះជាតិរបស់លោក សម រង្ស៊ី និងការឡើងកាន់តំណែងប្រធានបក្សរបស់លោក កឹម សុខា។ នៅក្នុងបរិបទនេះ អ្នកប្រយុទ្ធ បានមើលឃើញមានសេណារីយ៉ូចំនួន ២ ដែលកើតចេញពីលាលែងនេះ។

សេណារីយ៉ូទី១៖ គឺសេណារីយ៉ូនៃការបែកបាក់ និងការអស់សង្ឃឹម ហើយក៏ជាសេណារីយ៉ូទាក់ទាញការអាណិតអាសូរផងដែរ។

ក៖ អស់សង្ឃឹម ដោយសារមើលឃើញថា លោក សម រង្ស៊ី ដែលជាមេបក្សរបស់ខ្លួន បានលាលែងពីប្រធានបក្សទាំងកំសាកញី ដោយលែងទទួលខុសត្រូវក្នុងការ រកដំណោះស្រាយនយោបាយដើម្បីខ្លួនបានចេញពីគុក។ ពីមុនលោក សម រង្ស៊ី ធ្វើប្រធានបក្សដោះស្រាយមិនចេញផង ដល់ឥឡូវជារាស្រ្ត
សាមញ្ញធម្មតា លែងមានកំលាំងនយោបាយ រឿងអីអាចដោះបញ្ហាបាន។ ម្យ៉ាងទៀតក៏មិនសង្ឃឹមលើលោក កឹម សុខា ដែរ ព្រោះក្រោយពេល គាត់រួចខ្លួនបន្ទាប់ពីទទួលបានការលើកលែងទោស គាត់ជួយដោះស្រាយ អោយតែមេឃុំ ស៊ាង ចែត ដែលជាអ្នកជួយសម្របសម្រួលរឿងគាត់ និងស្រីមុំប៉ុណ្ណោះ ចំណែកឯបុគ្គលិកដែលគាត់ធ្លាប់សន្យា ហើយគាត់ជួយបាន គាត់មិនទាំងជួយផង រឿងអីដែលគាត់ជួយ មាជ សុវណ្ណារ៉ា អ៊ុំ សំអាន និង ហុង សុខហួរ ដែលគាត់មិនដែលនឹងហ៊ានលើកឡើងជាមួយនាយករដ្ឋមន្រ្តីសោះនោះ។

ខ៖ ជាសញ្ញានៃការបែកបាក់ធ្ងន់ធ្ងរ ព្រោះអាចដោយសារតែលោក អ៊ុំ សំអាន លោក ហុង សុខហួរ និងលោក មាជ សុវណ្ណារ៉ា មិនសប្បាយចិត្ត និងមិនគាំទ្រការណ៍ដែលលោក កឹម សុខា គ្រោងនឹងឡើងធ្វើជាប្រធានបក្សនាអនាគតដ៏ខ្លីខាងមុខ បន្ទាប់ពីមានការបែកធ្លាយព័ត៌មានថា លោក សម រង្ស៊ី ព្រមឲ្យ កឹម សុខា ឡើងធ្វើប្រធានបក្ស និងមានអនុប្រធាន៣រូប។ ដូចនេះការលាលែងនេះ ជាការបញ្ជូនសារទៅមុនយ៉ាងច្បាស់ថា មិនគាំទ្រឲ្យ កឹម សុខា ឡើងធ្វើប្រធានបក្សឡើយ ហើយលោក សម រង្ស៊ី រើសក្រុមខាងគាត់ឡើងធ្វើប្រធានបក្សវិញ។ ការបែកបាក់នេះមិនមែនតែនៅក្នុង ចង្កោមក្រុមថ្នាក់ដឹកនាំទេ សូម្បីតែនៅតាមមូលដ្ឋានការមានភាពចលាចល មិនដឹងនរណាមេដឹកនាំពិតប្រាកដ និង គ្មានទិសដៅច្បាស់លាស់។

គ៖ ទាក់ទាញការអាណិតអាសូរ ដើម្បីបង្ហាញថា ខ្លួនលាលែងពីគណបក្ស ដើម្បីឈប់ធ្វើនយោបាយ ឈប់ប្រឆាំងតាមការបោកប្រាស់របស់ កឹម សុខា និង សម រង្ស៊ី ទៀតហើយ ដែលអាចទាក់ទាញការអាណិតអាសូរ និងមានវាសនាក្នុងការទទួលបាននូវការបន្ធូរបន្ធយ ឬលើកលែងទោសបានលឿនផង ក៏មិនដឹង។ ហេ!ហេ! ពិតជាឆ្លាតមែន!

សេណារីយ៉ូទី២៖ លោក សម រង្ស៊ី ក៏ធ្លាប់លើកឡើងអំពីមូលហេតុនៃការលាលែងតំណែងពីប្រធានគណបក្សថា ជាមូលហេតុផ្ទាល់ខ្លួនដែរ ហើយបន្ទាប់មក គាត់លាលែងដើម្បីសង្រ្គោះបក្សមិនឲ្យរលាយ។ អាចថា លោក ហុង សុខហួរ លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា បាននាំគ្នាសម្រេចចិត្តលាលែងពីសមាជិកគណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ និងគណបក្ស សម រង្ស៊ី ព្រមៗគ្នា ដើម្បី បុព្វហេតុសង្គ្រោះគណបក្ស ដោយឆោតល្ងង់ដូចលោក សម រង្ស៊ី ដែរ ព្រោះខ្លួនសុទ្ធតែមានទោសជាប់ខ្លួន កុំឱ្យបក្សរលាយដោយសារខ្លួន ដូច្នេះត្រូវតែលាលែងឱ្យបានមុនច្បាប់ចេញ! បើដូច្នេះមែនហាក់ដូចជា មិនសមហេតុផល និងក៏មិនត្រឹមត្រូវដែរ។ ហេតុអី ? មានមូលហេតុចំនួន ៤ ដែលត្រូវពិចារណា។

ក៖ បើលាលែងក្នុងហេតុផលនេះ គួរណាស់តែ ចាន់ ចេង និង ថាក់ ឡានី ដែលកំពុងត្រូវបានតុលាការកាត់ទោស ត្រូវលាលែងដែរ ហើយត្រូវលាលែងឲ្យបានឆាប់ជាទីបំផុត ព្រោះច្បាប់ជិតចេញហើយ។

ខ៖ បើ មាជ សុវណ្ណារ៉ា លាលែងហើយ ហេតុអីបានជា ហូរ វ៉ាន់, មួរ សុខហួរ, រៀល ខេមរិន្ទ, ម៉ែន សុថារិន្រ្ទ, នុត រំដួល មិនលាលែងដែរ ព្រោះអ្នកទាំង នោះជាប់ពាក់ព័ន្ធរឿងក្តីតុលាការមិនទាន់ចប់នៅឡើយ ហើយរឿងនោះ ដូចគ្នានឹងរឿង មាជ សុវណ្ណារ៉ា ដែរ គឺរឿងកុបកម្ម នៅក្បែរស្ពាននាគ។ បើមិនលាលែងដោយមូលហេតុថា មានអភ័យឯកសិទ្ធិ គឺពិតជាខុស ព្រោះបើផ្អែកតាមហេតុផលដូច សម រង្ស៊ី លើកឡើង បើថ្នាក់ដឹកនាំមានកំហុស គេកាត់ទោសអ្នកនោះមិនបាន ប៉ុន្តែគេកាត់រំលាយបក្សបានតែម្តងវាមិនងាយស្រួល ព្រោះបក្សអត់មានអភ័យឯកសិទ្ធិឯណា!

គ៖ លោក សម រង្ស៊ី លាលែងពីប្រធានដោយប្រកាសដោយមោទនភាពថា ដើម្បីការពារបក្សសង្គ្រោះជាតិពីការរំលាយ! ចុះ លោក ហុង សុខហួរ ហេតុអ្វីបានជាសម្រេចលាឈប់ពីគណបក្ស សម រង្ស៊ី ដែរ? ប្រសិនបើ លោក ហុង សុខហួរ ថាដើម្បីការពារបក្ស សម រង្ស៊ី អាចមានន័យថា ត្រៀមរង់ចាំក្រែងបែកគ្នាពីលោក កឹម សុខា រកកន្លែងជ្រកអត់មាន។ ដូច្នេះត្រូវតែលាលែងដើម្បីសង្គ្រោះជម្រកទី២របស់ខ្លួន!

ឃ៖ ទោះបីជាមិនលាលែងពេលឥឡូវនេះក៏ដោយ គឺនៅពេលដែលច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សយោបាយចូលជាធរមាន ក៏គង់តែបាត់ ដោយស្វ័យប្រវត្តិដែរ។ ដូច្នេះដើម្បីកុំឱ្យបាត់ដោយស្វ័យប្រវត្តិ ត្រូវតែប្រកាសលាលែងមុន ក្រែងលោបានកិត្តិយសតិចតួចមក វិញគ្រាន់ទុកអួតគេ។ ម្យ៉ាងដែរ! ធម្មតា នៅកម្ពុជាគ្មានអ្នកទោសនយោបាយទេ ប៉ុន្តែមានតែអ្នកនយោបាយជាប់ទោស! ចុះបើអ្នកនយោបាយ លាលែងពីតួនាទីនយោបាយ និងឈប់ធ្វើនយោបាយ! អីចឹង កុំថាឡើយនិយាយដល់អ្នកទោសនយោបាយ សូម្បីតែអ្នកនយោបាយជាប់ទោស ក៏លែងមានដែរ!

ដោយ៖ អ្នកប្រយុទ្ធ