(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម បានចេញមកបំភ្លឺ និងបញ្ជាក់ជាថ្មីម្តងទៀតថា ជំនួយការជាមន្រ្តីយោធាជាង ២០នាក់ ដែលព័ត៌មានដើមត្នោតបានចេញផ្សាយនោះ គឺជាជំនួយការក្នុងតួនាទីជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មិនមែនជាជំនួយការផ្ទាល់ខ្លួនលោកឡើយ។ ជំនួយការនេះ គឺតែងតាំងជូនរាល់បុគ្គលណា ដែលឡើងមកកាន់តួនាទីជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដើម្បីដោះស្រាយបញ្ហាបម្រើជាតិ។

ការចេញមកបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីព័ត៌មានដើមត្នោត បានចេញផ្សាយថា លោក ហ៊ុន ម៉ាណែត បុត្រាច្បង របស់សម្តេចតេជោ ហ៊ុន សែន មានជំនួយការជាមន្រ្តីយោធាចាប់ពីស័ក្តិ៥ឡើងទៅរហូតជាង ២០នាក់។ កាលពីម្សិលមិញ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលជាកូនខ្មែរដំបូងគេបានបញ្ចប់ការសិក្សាផ្នែកយោធានៅសាលា West Point របស់អាមេរិក បានចេញមកបំភ្លឺម្តងរួចមកហើយ និងបានសុំឲ្យព័ត៌មានដើមត្នោតបង្ហាញភស្តុតាងបង្ហាញពីការតែងតាំងជំនួយការនេះថែមទៀតផង។

ឆ្លើយតបការទាមទារបង្ហាញភស្តុតាងនេះ ព័ត៌មានដើមត្នោត ក៏បានបង្ហាញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯកជូននាយទាហានប្រមាណ ៣០រូប។ ក្នុងនោះមាននាយទាហាន ២២រូប សុទ្ធតែជាជំនួយការមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

តាមរយៈការបង្ហាញភស្តុតាងរបស់ព័ត៌មានដើមត្នោត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត បានចេញបញ្ជាក់ថា «ដូចដែលបានបញ្ជាក់ច្បាស់នៅក្នុងឯកសារនោះ នាយទាហានដែលត្រូវបានតែងតាំង ជាជំនួយការរបស់មេបញ្ជាការកងឯកភាព (ជំនួយការប្រធានអង្គភាព) ដែលមានន័យថា នាយទាហានទាំងនោះ ជាជំនួយការក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ចរបស់ខ្ញុំ មិនមែនជាជំនួយការរបស់ខ្ញុំក្នុងលក្ខណៈជាបុគ្គល (ឬជាឯកជន) នោះទេ (មិនដូចដែលខ្លឹមសារសំខាន់នៃ អត្ថបទរបស់ដើមត្នោតដែលចេញផ្សាយលើកមុនចង់បង្ហាញនោះទេ)។ មាន័យថា នាយទាហានទាំងនេះ ជាជំនួយការរបស់បុគ្គលណា ក៏ដោយដែលបានទទួលតួនាទីជាមេបញ្ជាការអង្គភាព ទោះជាបុគ្គលនោះមិនមែនជារូបខ្ញុំ»

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តថា នាយទាហានជំនួយការទាំងនោះ មានភារកិច្ចជួយមេបញ្ជាការលើការងារជំនាញផ្សេងៗជាច្រើន តាមតម្រូវការរបស់អង្គភាព ដូចជាការងារហ្វឹកហ្វឺន។ល។

កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលកំពុងមានប្រជាប្រិយភាព ក្នុងបេះដូងយុវជនជំនាន់ក្រោយ លោក ហ៊ុន ម៉ាណែត ឆ្លៀតបញ្ជាក់បន្ថែមទៅកាន់ព័ត៌មានដើមត្នោតថា បើនិយាយពីជំនួយការក្នុងក្របខណ្ឌតួនាទី និងភារកិច្ច ជាមេបញ្ជាការដែលមានភារកិច្ចដឹកនាំការងាររបស់អង្គភាពបំពេញភារកិច្ចជូនជាតិ លោកមិនមែនមានជំនួយការត្រឹម ២០នាក់នេះទេ គឺមានច្រើនជាងនេះទៀត ហើយឋារន្តរស័ក្តិមានតាំងពីថ្នាក់ឧត្តមសេនីយ៍ (មេបញ្ជាការរង) ដល់ពលបាល។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងអង្គភាព ជាជំនួយការ (សេនាធិការ) របស់លោកដែលជាមេបញ្ជាការអង្គភាព ដើម្បីបំពេញភារកិច្ចបានជោគជ័យ ពីព្រោះមេបញ្ជាការអង្គភាពរូបណាក៏ដោយ មិនអាចបំពេញភារកិច្ចគ្រប់មុខដោយខ្លួនឯងនោះទេ ដូច្នេះចាំបច់ ត្រូវមាននាយទាហាន នាយទាហានរង និងពលទាហានផ្សេងៗជាច្រើន ដើម្បីជួយក្នុងកិច្ចការនេះ។

ចុងបញ្ចប់នៃការបំភ្លឺ លោក ហ៊ុន ម៉ាណែត បានថ្លែងថា លោកទទួលស្គាល់សិទ្ធិរបស់សារព័ត៌មាន ក្នុងការផ្សាយអត្ថបទ ដើម្បីបញ្ចេញមតិ ប៉ុន្តែដើម្បីជៀសវាងនូវការយល់ច្រឡំក្នុការសរសេរអត្ថបទ និងជៀសវាងកុំឲ្យយអ្នកអានព័ត៌មាន មានការយល់ច្រឡំ សុំឲ្យសារព័ត៌មានដើមត្នោតស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយសិន អំពីប្រធានបទដែលចង់សរសេរ៕