(ភ្នំពេញ)៖​ ចំណីអារម្មណ៍បែបលន្លង់លន្លោច​ បង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅ ទស្សនាហើយស្ទើរស្រក់ទឹកភ្នែក និងលាយឡំឈុតឆាកបែបកំប្លែង ដែលប្រិយមិត្តទាំងអស់ កំពុងរង់ចាំទស្សនាបានមកដល់ហើយ​ នោះគឺបទចម្រៀងស្ដីពីខ្សែជីវិតរបស់នាយវ៉ែនតា ដែលច្រៀងដោយកំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាចម្រៀង​មានទឹកដម ដ៏ក្រអួនក្រអៅ ផ្អែមដូចស្ករ បង្កប់ដោយមន្តស្នេហ៍ គឺកញ្ញា សុខ ពិសី ​មានចំនួន៣បទ ​តភ្ជាប់គ្នា​ដែលជាកំរង​សាច់រឿងដ៏កំសត់ របស់ផលិតកម្មសាន់ដេ។ ក្នុង​នោះបទ «ចោលអ្នកស្មោះ​ជ្រើសអ្នកក្បត់» បានចេញក្នុង VCD Vol 184 (វគ្គ១) មានរយៈពេលជាង១៤នាទី​។

បទចម្រៀងមនោសញ្ចេតនា បង្កប់ដោយអត្ថន័យស្នេហ៍រយពាន់ ដែលជាប្រភេទអាល់ប៊ុមសាច់រឿង ចំនួន៣បទ ក្នុងវ៉ុលពិសេសនេះ រួមមានទី​១៖ បទ «ចោលអ្នកស្មោះជ្រើសអ្នកក្បត់, ​ដើរចេញដើម្បីសេរីភាពអូន» និងបទ «អូនមិនល្អស្រឡាញ់អូនអត់?» ក្នុងនោះបទចម្រៀង «ចោលអ្នកស្មោះ រើសអ្នកក្បត់» ដែលជាការបកស្រាយរបស់​កំពូលតារាចម្រៀងជួរមុខគេ នៅក្នុងផលិតកម្មសាន់ដេ លោក ខេមរៈ​ សិរីមន្ត បានចេញជា MV ជាផ្លូវការ​ហើយ ដើម្បីឆ្លើយតបទៅនឹង​សំណូមពរ​របស់មហាជន​អ្នកគាំទ្រ ដែលកំពុងតែទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសារ។

គ្រាន់តែចេញជា MV ភ្លាមក្នុងបទចម្រៀង​ដ៏កំសត់នេះដែរ ត្រូវបានគេមើលឃើញថា មានការពេញនិយម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រ​ និងអ្នកនិយមលេងបណ្តាញ​សង្គមហ្វេសប៊ុក។​ ជាពិសេសទៅទៀតនោះ បទចម្រៀងនេះ មានការចូលរួមសម្តែង​ដោយ លោក ខេមរៈ សិរីមន្ត ផ្ទាល់ និងកញ្ញា សុខ ពិសី ផងដែរ ដែលធ្វើឲ្យសាច់រឿង នៃជីវិតរបស់តាវ៉ែនតា កាន់តែជក់ចិត្ត អាចឲ្យអ្នកទស្សនាស្លុងអារម្មណ៍ ទាំងមិនដឹងខ្លួន។

ចង់ដឹងថា មានអ្វីប្លែកចំឡែកអារម្មណ៍ក្នុង MV ជាប្រភេទសាច់រឿង​ ដែលបរិយាយពីជីវិតរបស់នាយ វ៉ែនតា ខ្លះ សូមទស្សនាវគ្គទី១ទាំងអស់គ្នា៖