(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងរៀបចំការប្រគំតន្ត្រីដ៏ធំជាមួយវត្តមាន កំពូលតារាដ៏ល្បីរបស់ប្រទេសថៃ គឺលោក James Jirayu ក្នុងព្រឹត្តិការណ៍ «JAMES JI 2017 ASEANTOUR» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ខណៈកម្ពុជា គឺជាប្រទេសដំបូងគេ ក្នុងព្រឹត្តិការណ៍តន្ត្រីទេសចរណ៍អាស៊ាន ២០១៧ របស់តារាចម្រៀងដ៏ល្បី មកពីប្រទេសថៃរូបនេះ។

អ្នកស្រី Kesarin Manitayakul ប្រធានផ្នែកទីផ្សាររបស់ ភីអិនអិន បាននិយាយថា «យើងអញ្ជើញកំពូលតារា James មកកម្ពុជាម្តងទៀត ក្រោយពីយើងទទួលបានការសំណូមពរយ៉ាងច្រើន ពីប្រិយមិត្តកម្ពុជា ដែលស្នើរឲ្យលោកកាន់ទីនេះម្តងទៀត ជាមួយនឹងការសម្តែងទោល។ ណាមួយ James ក៏មានការបើកការប្រគំតន្ត្រីរបស់លោក នៅអាស៊ីនេះដែរ ដូចជានៅប្រទេសថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ។ តែកម្ពុជា គឺជាប្រទេសដំបូងគេ ក្នុងព្រឹត្តិការណ៍តន្ត្រីទេសចរណ៍អាស៊ាន ២០១៧ របស់លោក»

អ្នកស្រីបានបន្តទៀតថា «កាលពីថ្ងៃទី២៣ ខែកុម្ភៈ លោក James Jirayu រួមជាការក្រុមងារនៃស្ថានីយ ទូរទស្សន៍ ភីអិនអិន ក៏បាននាំយកអំណោយជូន ទៅដល់កុមារនៅសាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មី នៃអង្គការគ្រួសារថ្មីផងដែ។ ដោយឡែកនៅថ្ងៃទី២៥នេះ លោកនឹងបង្ហាញវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧ ដូច្នេះសម្រាប់អ្នកគាំទ្រ តារាថៃ លោក James Jirayu កុំភ្លេចទៅចូលរួមឲ្យបានកោះករ នៅមជ្ឈមណ្ឌលកោះពេជ្រ។

នេះជាលើកទី២ហើយ ដែលស្ថានីយទូរទស្សន៍ភីអិនអិន បានអញ្ជើញតារាជួរមុខ របស់ប្រទេសថៃ លោក James Jirayu មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លើកទី១កាលពីខែតុលា ឆ្នាំ២០១៦ ដោយលោកធ្វើដំណើរ ជួបប្រិយមិត្តកម្ពុជាអមដំណើរ ជាមួយកញ្ញា Bella Ranee ដែលជាដៃគូរសម្តែង ដ៏សក្តិសមរបស់លោក។

ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ PNN បានចាប់ផ្តើមលក់សំបុត្រ ទៅដល់អ្នកគាំទ្រ លោក James Jirayu តាំងពីថ្ងៃទី៨ ខែកុម្ភៈ មកម្ល៉េះ។ យ៉ាងណាមិញសម្រាប់ អ្នកមិនទាន់បានទិញសំបុត្រ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏រំភើបមួយនេះ សូមកុំមានការព្រួយបារម្ភ លោកអ្នករកទិញបាននៅមុខសាលមហាស្រព កោះពេជ្រ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ផ្ទាល់តែម្តង។

សូមបញ្ជាក់ថា ការមកកាន់ទឹកដី នៃប្រទេសកម្ពុជារបស់ James Jirayu លើកនេះ គឺស្របពេលដែលខ្សែភាពយន្ត «សុភាពបុរសភុតធិផាត» ដែលមានលោក James Jirayu និង កញ្ញា Bella Ranee ជាតួអង្គឯក កំពុងតែចាប់បញ្ចាំងនៅលើ កញ្ចក់ទូរទស្សនី ភីអិនអិន ជារៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសោរ៍ វេលាម៉ោង៩ដល់ម៉ោង១០យប់៕