(ព្រៃវែង)​៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង នាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ ចុះជួបសំណាលសំណាលសួរទុក្ខ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយ។

នៅក្នុងពិធីផ្សព្វផ្សាយផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ស្រុកស្វាយអន្ទរ និងស្រុក​កញ្រ្ជៀច នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្រ្ជៀច នាយឧត្តមសេនីយ៍ នេត សាវឿន បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ និងក្រុមការងារតាមឃុំ ត្រូវ​យកចិត្តទុកដាក់​ពីសុខទុក្ខជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ និងមិនត្រូវគិតពីនិន្នាការ​នយោបាយ​នោះទេ ពិសេសត្រូវខិតខំធ្វើអំពើល្អ បើគោលនយោបាយបក្សល្អហើយ បេក្ខជនមិនល្អក៏មិនអាចទៅរួចនោះដែរ។

ទន្ទឹមនោះនាយឧត្តមសេនីយ៍ បានស្នើឲ្យត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងគ្មានការ​កោស​រូស ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ​ និងមានភាពជឿជាក់មកលើការដឹកនាំគណបក្សប្រជាជន និងបោះឆ្នោតជូន​គណបក្សប្រជាជន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

លោកបញ្ជាក់ថា «ដើម្បីឲ្យសមាជិកបក្សយើងម្នាក់ សន្លឹកឆ្នោតមួយវាទាមទារឲ្យបក្សយើងល្អ បេក្ខជន សមាជិកយើង​ល្អ និងទាមទារឲ្យយើង កែការខ្វះខាត ទាមទារអំពើល្អរបស់យើង ដើម្បីប្រកួតប្រជែងជាមួយបក្សដទៃ ពិសេសមាន​សាមគ្គីភាពផ្ទៃក្នុងល្អ»

​នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានជំរុញឲ្យកម្លាំងនគរបាល មានសមត្ថកិច្ចទាំងពីរស្រុកត្រូវពង្រឹងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសកន្លែងងាយរងគ្រោះ ដូចជា៖ កន្លែងរកស៊ីលក់មាស ប្តូរប្រាក់ វេរប្រាក់ និងបន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ទន្ទឹមនោះក្រុមការងារត្រូវបន្តចុះចែកមូលនីធិសប្បុរសម្តេចក្រឡាហោម ស ខេង ចំពោះស្រ្តីសម្រាលកូន និងគ្រួសារសព។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានឧបត្ថម្ភថវិកាដល់គណបក្ស ស្រុកស្វាយអន្ទរ ចំនួន១លានរៀល, គណបក្សស្រុកកញ្រ្ជៀច ចំនួន ១លានរៀល, សមាជិកអចិន្រ្តៃយន៍បក្សទាំងពីរស្រុក៣១នាក់ ម្នាក់៥ម៉ឺនរៀល, មេបក្សឃុំ ទាំងពីរស្រុក២៩នាក់ ម្នាក់៥ម៉ឺនរៀល និងយុវជនទាំងពីរស្រុក ៤៤នាក់ ម្នាក់ម៉ឺនរៀល សរុបថវិកាចំណាយ៧លាន​២សែនរៀល៕