(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ បវរកញ្ញាពិភពលោកឆ្នាំ២០១៦ (Miss Global 2016) ចំនួន០៦រូប និងប្រតិភូអមដំណើរ បានធ្វើដំណើរមកដល់កម្ពុជាហើយ និងមានការទទួល ស្វាគមន៍ដោយ លោកស្រី ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។

ក្នុងដំណើរទស្សនកិច្ចរបស់ «សប្បុរសធម៌ដើម្បីបរិស្ថាន និងទេសចរណ៍» របស់ (Miss Global 2016) នេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ២៥​ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ និងមានគោលបំណងគាំទ្រ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនស្តីពីគុណគុណតម្លៃ នៃបរិស្ថាន វប្បធម៌ និងចលនាការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព។

ដំណើរទស្សនកិច្ចនេះ និងចូលរួមនូវសកម្មភាពមួយ ចំនួននៅតាមទីសាធារណៈ សាលារៀន និងសាកលវិទ្យាល័យ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តា ដើម្បីកៀរគរមូលនិធិសម្រាប់បម្រើឱ្យការងារ មនុស្សធម៌ បរិស្ថាន និងទេសសចរណ៍។ សម្រាប់សមាសភាព ប្រតិភូបវរកញ្ញាពិភពលោក ២០១៦ នេះ រួមមាន៖

១៖ កញ្ញា Angela Bonilla ជ័យលាភីលេខ១ (អេក្វាទ័រ)
២៖ កញ្ញា Mealyann Nita Seing ជ័យលាភីលេខ២ (ខ្មែរ-អាមេរិកាំង)
៣៖ កញ្ញា Caitlynn Henry ជ័យលាភីលេខ៣ (អូស្រ្តាលី)
៤៖ កញ្ញា Nikola Bechynova ជ័យលាភីលេខ៤ (សាធារណៈ រដ្ឋឆេក)
៥៖ កញ្ញា Maya Rotha Gilliss-chapman ជ័យលាភីលេខ៤ (អាមេរិកាំង)
៦៖ កញ្ញា Britt Roselyn Camilo Rekkdal ជ័យលាភីលេខ៤ (ណរវ៉េ)

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចកិច្ចនេះ មានការរៀបចំ និងទទួលបដិសណ្ឋារកិច្ចដោយ អគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន សហការជាមួយគណៈកម្មការបវរកញ្ញាខែ្មរអាមេរិកាំង៕