(ភ្នំពេញ)៖ ជនជាតិបរទេសចំនួន៥០នាក់ ក្នុងនោះស្រី១១នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បណ្តេញចេញពីប្រទេសកម្ពុជា នាសប្តាហ៍នេះ បន្ទាប់ពីត្រូវចាប់ខ្លួនពាក់ព័ន្ធការស្នាក់នៅ ធ្វើការខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា។

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី​ បានឲ្យដឹងថា ការបណ្តេញចេញប្រចាំសប្តាហ៍សរុបចំនួន៥០នាក់ក្នុងនោះមានស្រី១១នាក់ (នៅសល់ពីសប្តាហ៍មុនៗចំនួន២នាក់) មាន០៣សញ្ជាតិខាងក្រោម៖
* ជនជាតិ វៀតណាម ចំនួន ៤៧នាក់/ស្រី១១នាក់
* ជនជាតិ ចិនដីគោក ចំនួន ០២នាក់
* ជនជាតិ ប៊ែលហ្សិក ចំនួន ០១នាក់។

បើតាមលោកឧត្តមសេនីយ៍ ការឃាត់ខ្លួនមួយសប្តាហ៍កន្លងទៅនេះ មានសរុបចំនួន៤៨នាក់/ស្រី១១នាក់ មាន២សញ្ជាតិ ដូចខាងក្រោម៖
* ជនជាតិ វៀតណាម ចំនួន ៤៧នាក់/ស្រី១១នាក់
* ជនជាតិ ឥណ្ឌា ចំនួន ០១នាក់។

ជនជាតិបរទេសទាំងនេះ បានលួចឆ្លងដែនស្នាក់់នៅ​ លើសទិដ្ឋាការ គ្មានលិខិតឆ្លងដែន និង មានសកម្មភាពប៉ះពាល់ដល់សន្តិសុខ សង្គមជាតិ។ សម្រាប់ស្ថិតិជនបរទេសដែលកំពុងស្នាក់នៅ ក្នុងកន្លែងត្រៀមបណ្តេញចេញ មាននៅមណ្ឌលភ្នំពេញ និងមណ្ឌល សៀមរាប សរុបចំនួន១៨នាក់ មាន១១សញ្ជាតិ៕