(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈនេះ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធរួមគ្នា បានប្រារព្ធពិធីបង្ការនិងទប់ស្កាត់ ពន្លត់អគ្គិភ័យ នៅទីលានប្រជាធិបតេយ្យ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស​ អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី កម្លាំងនគរបាលជាច្រើន រូបផ្សេងទៀត។

ដើម្បីបង្ការ និងទប់ស្កាត់អគ្គិភ័យ កុំកើតមានបន្តទៀតនោះ អាជ្ញាធររាជធានី អង្គការស្ថាប័នពាក់ព័ន្ធ បានរួមគ្នាប្រារព្ធពិធីបង្ការ និងទប់ស្កាត់ពន្លត់អគ្គិភ័យ ដោយយកថ្ងៃទី២២ ខែកុម្ភៈតាមប្រសាសន៍ របស់សម្តេចក្រឡាហោម ស​ ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មកអនុវត្តន៍ដើម្បីរួមគ្នាទប់ស្កាត់គ្រោះអគ្គិភ័យ ឲ្យមានការថយចុះ និងឈានទៅលុបបំបាត់។ មួយវិញទៀតដើម្បីដាស់តឿនក្រើនរំលឹក ដល់ប្រជាពលរដ្ឋបានយល់ ពីបញ្ហាគ្រោះអគ្គិភ័យនេះ។

បើទោះបីជា​រដ្ឋាភិបាល​ខិតខំ ​ពង្រឹង​វិធានការ ​និង​បង្កើន​កម្លាំង​សមត្ថកិច្ច ដើម្បី​បង្កា​អគ្គិភ័យ​ក៏ដោយ តែ​ចំនួន​នៃ​ការកកើត​អគ្គិភ័យ នៅតែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​ឥត​ថយចុះ​។ គ្រោះមហន្តរាយ​ដែល​កើតឡើង​ពី​ការឆាបឆេះ​នេះ បាន​ក្លាយជា​ក្តីកង្វល់​ដល់​ពលរដ្ឋ​ទូទៅ​ និង​ជា​បន្ទុក​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល​ ព្រោះថាការកើនឡើង​នូវ​ការឆាបឆេះ​នេះ មិន​ត្រឹមតែ​សម្លាប់​ជីវិត​មនុស្ស ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្ក​ភាពភ័យខ្លាច​ ដល់​ពួក​វិនិយោគិន​បរទេស ក្នុងការ​សម្រេចចិត្ត​ចូលមក​រកស៊ី​នៅ​កម្ពុជាផងដែរ​៕