(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ​ បានដាក់បទបញ្ជាទៅកម្លាំងនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង នគរបាលខណ្ឌទាំង១២ បន្តយុទ្ធនាការចុះចាប់រថយន្តដឹក​សំពីងសំពោងនៅពេលយប់ ជាប្រចាំដើម្បីចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ និងដើម្បីលើកកម្ពស់បញ្ហាសណ្តាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ។

លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាព Fresh News ថា «តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស្នងការ ការិយាល័យរបស់យើង និងសហការជាមួយកម្លាំងនគរបាលទាំង១២ខណ្ឌ បន្តយុទ្ធនាការនេះ ជាប្រចាំ ហើយយើងបានធ្វើមួយរយៈមកហើយ»

បើតាមលោក ប៉ែន ឃុន នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌសែនសុខ បានចាប់ឃាត់រថយន្តដឹក​សំពីងសំពោង នៅចំណុចផ្លូវហាណូយ កែងផ្លូវ១៩២៨ ដោយអនុវត្តន៍ចាប់ពីម៉ោង៨ដល់ម៉ោង១១ ជាលទ្ធផលយើងចាប់​ឃាត់រថយន្ត បានចំនួន១៥គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់ចំនួន១១គ្រឿង, រថយន្តមានលក្ខណៈបច្ចេកត្រឹមត្រូវ២គ្រឿង  និងរថយន្តធុនតូចចំនួន៤គ្រឿង។រថយន្តទាំងនេះត្រូវបានបញ្ជូនមករក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមនិតិវិធីបន្ត។

នាយរងការិយាល័យចរាចរណ៍ផ្លូវគោករូបនេះ បានបញ្ជាក់ថា យុទ្ធនាការក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការនេះ គឺគោលបំណងចម្បង ចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវក្នុងរាជធានីភ្នំពេញ កាន់តែមានភាពប្រសើរឡើង​។ ជាមួយគ្នានេះ លោកបានសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុននានាត្រូវចូលរួមទាំងអស់គ្នាលើការរៀបចំឲ្យមានលក្ខណៈបច្ចេកទេស នៅពេលដឹកជញ្ជូនម្តងៗ លែងឲ្យមានការដឹកលើសទម្ងន់ និងច្រើនសំពីសំពោងនោះទេ៕