(ភ្នំពេញ)៖ ហុងកុង បានឈរលើលំដាប់ទី៣ ​ដែលវិនិយោគច្រើនជាងគេនៅកម្ពុជា បន្ទាប់ពីចិន និងជប៉ុន ដោយ​មាន​ទឹកប្រាក់រហូតដល់ជាង១ពាន់លានដុល្លារ នេះបើយោងតាម​​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ការបង្ហាញតួលេខនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សា រវាងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ទទួល​ជួបពិភាក្សាការងារជាមួយ លោក Ma Siu cheung លេខាធិការទទួល បន្ទុកកិច្ចអភិវឌ្ឍនៃតំបន់រដ្ឋបាលពិសេសហុងកុង ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ច របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ ពាណិជ្ជ​កម្មហុងកុង។

លោក សុខ ចិន្តាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះការចំណាយពេលវេលា និងធនធានរបស់គណៈ​ប្រតិភូ​ធុរកិច្ច​ ដើម្បីធ្វើដំណើរមកស្វែងយល់ដោយផ្ទាល់ពីកាលា​នុវត្តភាពវិនិយោគនៅ​កម្ពុជា។

លោកបានឲ្យដឹងថា ​គណៈ​ប្រតិ​ភូធុរកិច្ច ហុងកុង ពីភាពអំណោយផលនៃបរិយាកាសវិនិយោគ, ​ស្ថិរភាព​នយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋ​កិច្ច និងសន្តិសុខពេញលេញ ដែលកត្តាទាំងនេះ បានធ្វើឱ្យកម្ពុជា​ស្ថិតនៅលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុង ​រយៈពេលជាង ២ទសវត្សរ៍ ដោយសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧.៧.%ក្នុងមួយឆ្នាំ។ ការវិវឌ្ឍនេះ​ បានធ្វើឱ្យកម្ពុជាធ្វើដំណើរយ៉ាងក្លៀវក្លាប្រកបដោយភាពជឿជាក់​ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយឈរលើភាពច្បាស់​លាស់នេះ អ្នកវិនិយោគបរទេស បានបណ្តាក់ទុនលើគ្រប់វិស័យ រួមទាំង​​​​ វិស័យសំណង់។  

លោកបញ្ជាក់ថា «ការវិនិយោគរបស់ហុងកុង នៅកម្ពុជា ពីឆ្នាំពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួន ២៤៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ១.២៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ២.១៩%នៃទុនវិនិយោគសរុប»

សម្រាប់ការវិនិយោគហុងកុងក្នុងឆ្នាំ២០១៦ គឺមានចំនួន១៤គម្រោង ក្នុងផលិតកម្មស៊ីម៉ង់ត៍, កាត់ដេរសម្លៀកបំពាក់, ស្បែកជើង, កាបូប, កសិឧស្សាហកម្ម, និងឧស្សាហកម្មដទៃទៀត ក្នុងទឹកប្រាក់វិនិយោគប្រមាណ ៣២០លានដុល្លារអាមេរិក ស្មើនឹង៩.៨៥% នៃទុនវិនិយោគសរុបប្រចាំឆ្នាំ២០១៦ ហើយដែលបានធ្វើឱ្យការវិនិយោគ របស់ហុងកុងស្ថិតក្នុងលំដាប់លេខរៀងទី ៣ បន្ទាប់ពីចិន និងជប៉ុន ក្នុងចំណោមការ វិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំ២០១៦កន្លងទៅ។

លោក Ma Siu cheung បានសម្តែងនូវអំណរគុណចំពោះ បដិសណ្ឋារកិច្ច​ស្វាគមន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអបអរសា​ទរចំពោះរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងដឹកនាំប្រទេសដែលធ្វើឱ្យមានការរីកចម្រើនលូតលាស់ និងមានកំណើនយ៉ាងខ្លាំង។

លោកបានសន្យានឹងខិតខំធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យអ្នកវិនិយោគហុងកុង ឱ្យមកបណ្តាក់ទុននៅកម្ពុជា ឱ្យបាន​កាន់តែ​ច្រើនថែមទៀត ដើម្បីបន្តរឹតចំណងមិត្តភាព និងទំនាក់ទំនងសេដ្ឋកិច្ច នៃប្រជាជាតិទាំងពីរ៕