(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន១៩៩៨នាក់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ លើសពីនេះ​ប្រជាពលរដ្ឋ ​ក៏បានស្នើសុំ​ឲ្យក្រុមគ្រូពេទ្យ ​ចុះមកពិនិត្យ​ជំងឺជូនពួកគាត់ ឲ្យបានញឹកញាប់។

ជាក់ស្តែងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ១៨០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ​ចំនួន១៩៩៨នាក់ ក្នុងនោះស្រ្តីមានចំនួន១៣៩៥នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។

អ្នកស្រី យក់ គិន ពលរដ្ឋម្នាក់ ក្នុងស្រុកឱរ៉ាល់នេះ មានសេចក្តីត្រេកយ៉ាងខ្លាំង ដែលបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ចុះមកពិនិត្យជំងឺ និងចែកថ្នាំពេទ្យដល់គាត់ដោយឥតគិតថ្លៃ លើសពីនេះគាត់បានស្នើសុំឲ្យ ចុះមកបានញឹកញាប់។

អ្នកស្រីបាននិយាយយ៉ាងរីករាយថា «ខ្ញុំសប្បាយចិត្តដែលក្រុមគ្រូពេទ្យ របស់ឯកឧត្តម ហ៊ុន ម៉ានី ចុះមកនេះ ហើយខ្ញុំសូមឲ្យពួកគាត់ចុះ មកឲ្យបានញឹកញាប់, ហើយសុំឲ្យឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យ មានសុខភាពល្អផងដែរ»

ប្រជាពលរដ្ឋម្នាក់ទៀត លោកតា សាក់ គីម បានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី ដែលបានបង្កើតឲ្យមានក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ចុះមកព្យាបាល ក៏ដូចជាចែកថ្នាំពេទ្យដោយឥតគិតថ្លៃនេះ ។ លោកតាបានគាំទ្រយ៉ាងពេញ ទំហឹងនូវទង្វើដល់ល្អរបស់ តំណាងរាស្រ្តវ័យក្មេង ប្រចាំខេត្តកំពង់ស្ពឺនេះ ដែលបានគិតគូរតាំងពីមុនមករហូត ដល់ពេលបច្ចុប្បន្ននេះ និងដឹងគុណជានិច្ច ដែលបានចុះជួយប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត មិនថាខេត្តកំពង់ស្ពឺនេះទេ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារ​ប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែ​សម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាព​ពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបាន​គង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា។

សូមបញ្ជាក់ថា រយៈពេល៥០ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៥២១នាក់ ចុះពិនិត្យនិងព្យាល​បានលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន៦៦លើក ក្នុងនោះព្យាលបាលជូន ប្រជាពលរដ្ឋបានចំនួន៧៥៨៧៣នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូត ដល់ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៧៕