(ភ្នំពេញ)៖ សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅរសៀល​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៧នេះ បានអនុញ្ញាត​ឲ្យលោក Imai Seiji នាយកប្រតិបត្តិនៃធនាគារ MIZUHO ប្រចាំតំបន់អាស៊ី និងអូសេអានី ចូលជួបសំដែងការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលជួយកម្ពុជាកន្លងមក រួមទាំងការនាំមកនូវ សុខសន្តិភាព ការគៀងគរជំនួយ និងការផ្តល់នូវថវិកាជំនួយឥតសំណងចូលរួមស្តារ កសាង និងអភិវឌ្ឍន៍ ប្រទេស ហើយក្នុងពេលនេះទៀតសោត គឺកំពុងតែជួយទាក់ទាញ និងជំរុញអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជាកាន់តែច្រើនឡើង ថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានជូនពរឱ្យធនាគារ MIZUHO ទទួលបានជោគជ័យ ក្នុងការបណ្តាក់ទុននៅកម្ពុជា នឹងសង្ឃឹមយ៉ាងមុតមាំថា ធនាគារនេះ នឹងជួយទាក់ទាញ អ្នកវិនិយោគទុនជប៉ុន កាន់តែច្រើនថែមទៀតមក បណ្តាក់ទុន ធ្វើអាជីវកម្ម និងវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក Imai Seiji បានអរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ពេលវេលា និងកិត្តិយសឲ្យក្រុមការងារលោក បានចូលជួបពិភាក្សាការងារវិនិយោគ។ ទន្ទឹមនឹងនេះ លោកនាយកបានកោតសរសើរ សម្តេចតេជោដែល បានខិតខំដឹកនាំប្រទេសកម្ពុជារហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ។ ធនាគារ MIZUHO គឺជាធនាគារខ្នាតធំជប៉ុនទី១ មកកាន់កម្ពុជាដែលមានសាខានៅក្នុងប្រទេសចំនួន៣០។

លោក Imai Seiji បានបញ្ជាក់ថា តាមរយៈធនាគារនេះ គឺនឹងសម្រួលដល់ការផ្តល់សេវាហិរញ្ញវត្ថុ ទៅដល់អ្នកវិនិយោគទាំង ជនជាតិជប៉ុន-កម្ពុជា និងអ្នកវិនិយោគ ដទៃទៀត ដែលមកបណ្តាក់ទុននៅក្នុងប្រទេសយើងឱ្យកាន់តែងាយស្រួល ឡើងថែមទៀត។

ទន្ទឹមនឹងនេះ វត្តមានធនាគារ MIZUHO នឹងនាំមកនូវអ្នកវិនិយោគជប៉ុនជាច្រើនមកកម្ពុជានៅពេលអនាគតខាងមុខនេះ។ លោកនាយក ក៏បានថ្លែងអំណរគុណសម្តេចតេជោ ធនាគារជាតិកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានគាំទ្រ និង ជំរុញដល់ការវិនិយោគរបស់ធនាគារលោកនៅកម្ពុជា

សម្តេចតេជោ បានបញ្ជាក់ផងដែរថា ឆ្នាំ២០១៦ កន្លងទៅនេះ គឺមានក្រុមហ៊ុនអាកាសចរណ៍ជប៉ុនខ្នាតធំ Anna Air ដែល បានមកវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះ គឺមានធនាគារខ្នាតធំជប៉ុន MIZOHO មកកម្ពុជាទៀត។ ទាំងនេះ បញ្ជាក់ប្រាប់ ដល់អ្នកវិនិយោគជប៉ុនឲ្យមានភាពកក់ក្តៅ និងជំនឿទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា៕