(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ​កងរាជ​អាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមិត្តរួមជំនាន់ជាច្រើននាក់ ទៅសួរសុខទុក្ខមិត្តរួមជំនាន់​សាលាបាក់ទូក​នាឆ្នាំ១៩៨៨ គឺអ្នកស្រី អ៊ូច សុភ័ណ្ឌរី នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧នេះ ខណៈដែលអ្នកស្រីកំពុងសម្រាក​ព្យបាលជំងឺ​លើសឈាម​នៅមន្ទីរពេទ្យ។​

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងប្រតិភូបានចុះសួរសុខទុក្ខ អ្នកស្រី អ៊ូច សុភ័ណ្ឌរី អតីតមិត្តសិស្សថ្នាក់ទី១១ «D» នៃសាលា បាក់ទូកនាឆ្នាំ១៩៨៨ ដែលកំពុងមានជំងឺលើសឈាម និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ​មួយនៅជាយ​ក្រុងភ្នំពេញ។​

នៅអំឡុងការចុះ​សាកសួរសុខទុក្ខ​ខាងលើនេះ លោកឧត្តមសេនីយ៍រ័ត្ន ស្រ៊ាង បានផ្តល់ថវិកា​ផ្ទាល់ខ្លួន​ជូនចំពោះ អ្នកស្រី អ៊ូច សុភ័ណ្ឌរី ចំនួន១លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ហើយមិត្តភ័ក្ត​រួមដំណើរ​បានប្រមូលគ្នា​បានថវិកា​ចំនួនសរុប ៤,៥លានរៀល បន្ថែមទៀត សរុបថវិកា​ជូនមិត្តភក្ដិ​រួមសាលាកាល​ពីអតីតកាល​បានចំនួន ៥,៥លានរៀល។​

អ្នកស្រី អ៊ូច សុភ័ណ្ឌរី បានធ្លាក់ខ្លួនឈឺ​និងបញ្ជូនមកកាន់មន្ទីរពេទ្យ​ ដោយសារជំងឺ​លើសឈាម​កាលពីថ្មីៗនេះ។​ អ្នកស្រីមាន​ជីវភាព​ក្រលំ​បាក​ណាស់ ជាស្រ្តីម៉េម៉ាយ​មានកូន​៤នាក់​នៅក្នុង​បន្ទុក។​ ក្នុងជំនួបសំណេះសំណាលនោះ លោកឧត្តម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននិយាយ​លើកទឹកចិត្ត​ដល់ អ្នកស្រី អ៊ូច សុភ័ណ្ឌរី ថា «ចាប់ពីពេលនេះទៅ សុភ័ណ្ឌរី មិនមែនមាន​តែកូន០៤នាក់​​និងបងប្អូនខ្លួន ចាំជួយយកចិត្តទុកដាក់​នោះទេ ត្រូវចាំថា​នៅមានមិត្តរួមជំ​នាន់​ សាលាបាក់ទូក​ឆ្នាំ១៩៨៨ ចំនួនជិត​​២០០នាក់​ទៀត ​នៅជាមួយ​និងរង់ចាំជួយគ្នា​គ្រប់ពេលវេលា»។​

ទន្ទឹមនេះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកទឹកចិត្តដល់​កូនៗ​​អ្នកស្រី​ អ៊ូច សុភ័ណ្ឌរី ថាត្រូវតែ​មានឆន្ទៈមោះមុត និងខិតខំរៀន​ផងធ្វើការ​ផង ដើម្បីជួយ​សម្រាល​បន្ទុកម្តាយ​​ដែលកំពុងធ្លាក់ខ្លួន​ឈឺ​​ហើយលោកក៏បាន ផ្តល់បទពិសោធន៍​ថា​ការតាំង​ចិត្តនិង​មានឆន្ទៈពិតប្រាកដ​ នឹងជួយ​អោយយើង​​សម្រេច​បាននូវ​គោលដៅ។​

គួរបញ្ជាក់ថាកាលពីខែ​មករាកន្លងមកនេះ លោកឧត្តម​សេនីយ៍ឯក​ រ័ត្ន ស្រ៊ាង ក៏បានដឹកនាំមិត្តរួមជំនាន់​ ចុះសួរសុខទុក្ខ​មិត្តរួម​ជំនាន់​សាលា​បាក់ទូកឆ្នាំ​១៩៨៨​ចំនួន០២នាក់​ ដែលធ្លាក់ខ្លួនឈឺ​និងពិការ​នៅមួយកន្លែង។​

ក្រៅពីនេះទៅទៀត កាលពីកន្លងមក លោកឧត្តម​​សេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រមូលចងក្រងមិត្តរួមជំនាន់រៀន​ជាមួយគ្នា​សាលាបាក់ទូក​​ឆ្នាំ១៩៨៨ នៅក្នុង​ក្រុមមួយតាម​បណ្តាញ WhatsApp រួមទាំង​លោកគ្រូ អ្នកគ្រូធ្លាប់​បង្រៀនមិត្ត​ជំនាន់ឆ្នាំ​១៩៨៥-៨៨ ផង ក្នុងគោល​បំណង​​ប្រមែលប្រមូល​មិត្តធ្លាប់រៀន​​ជាមួយ​គ្នា​ទាំងអស់កាល ពីមុននោះ​អោយបានជុំគ្នា​ឡើងវិញ​ ហើយ​នៅពេល​យើង​មាន​អាសន្ន អន់ក្រទុក្ខលំបាក​​អីយើង​នឹង​ប្រាប់គ្នា​​ អោយ​ដឹងគ្រប់គ្នា​និងរៀងខ្លួនស្ម័គ្រចិត្តជួយគ្នា។​

សិស្សបាក់​ទូកជំនាន់់ឆ្នាំ​១៩៨៨ មានប្រមាណ​៣០០នាក់ មាន​ពីថ្នាក់ «A» ដល់ថ្នាក់ «G» ជាថ្នាក់សិស្សពូកែគណិតវិទ្យា ប្រចាំ​រាជធានី​ ដែលមានគ្រប់​សមាសភាព​សិស្សមកពី​សាលាផ្សេងៗ​៕