(ភ្នំពេញ​)៖ សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ នេះ​ បានសម្រេច​ឲ្យ​បុរសម្នាក់​​ដែលទើប​​ប្រឡង​ជាប់​ជា​នគរបាល​ ពាក់ព័ន្ធ​នឹងបទល្មើស​សម្លាប់សង្សារជានិស្សិត​វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ​ ហើយយកសពទៅទម្លាក់ក្នុងទឹកទន្លេនោះ​ ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដដែល​ ។

លោក​ ប្លង់​ សំណាង​ អនុប្រធាន​សាលាឧទ្ធរណ៍​ សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​​។​

គួរ​បញ្ជាក់​ថា​ ជនជាប់ចោទ​ ឈ្មោះ ហុង កាលី​ឌី​ន អាយុ​២៨ឆ្នាំ  ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ក្រោម​ការ​ចោទប្រកាន់ ចំនួន៣​បទល្មើស គឺ បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ បទ​ប្រើប្រាស់​គ្រឿងញៀន និង បទ​កាន់កាប់ អាវុធ​ខុសច្បាប់ ។

នា​ពេល​សវនាការ​សាលាឧទ្ធរណ៍​ កន្លង​ទៅ​ ជនជាប់ចោទ​នៅ​តែ​បដិសេធ​ថា​ ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ ដោយ​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​ជួយ​រក​យុត្តិធម៌​។

គួរ​រំលឹក​ថា​​ ឈ្មោះ ហុង កាលី​ឌី​ន ត្រូវបាន​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ ក្នុង​ហាង​កាហ្វេ​ដាលីន តាមបណ្ដោយ​ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា បន្ទាប់​ពី​សព​នារី រងគ្រោះ​ឈ្មោះ សុង ដាវិន ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត ក្នុង​ទឹកទន្លេ កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៤ មុខ​បឋមសិក្សា​ជ្រោយចង្វា​ ៕