(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំង ប្រទេស ចូលរួមគាំទ្រ និងផ្តល់សេចក្តីទុកចិត្តចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារឲ្យអាមេរិក លុបបំណុលកខ្វក់របស់ ខ្លួនចេញពីកម្ពុជា ប៉ះប៉ូវសងកម្ពុជាវិញ តាមរយៈការផ្តល់ជំនួយក្នុងការដោះគ្រាប់បែក ដែលអាមេរិកបានទម្លាក់ចេញ ពីដីកម្ពុជា ឲ្យអស់។
ថ្លែងប្រាប់អង្គភាព Fresh News ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី សេរី កុសល លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរផ្តល់យុត្តិធម៌ ដោយមិនប្រកាន់បក្ខពួក ដោយបានទាមទារយុត្តិធម៌ជូន ដល់អ្នកស្លាប់បាត់បង់ជីវិត និងរងគ្រោះក្នុងរបប លន់ នល់ រួមទាំងអ្នកស្មោះស្ម័គ្រដង្ហែតាមអាមេរិក ក្នុងសម័យនោះដោយជំរុញ និងទាមទារឲ្យអាមេរិកទទួលខុសត្រូវ ចំពោះការទម្លាក់គ្រាប់បែក សម្លាប់ប្រជាពលរដ្ឋខ្មែរ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានបញ្ជាក់ទៀត ពាក់ព័ន្ធបញ្ហាបំណុលនេះ លោកមិនទាន់ឃើញបក្ស នយោបាយណា ក្លាហានហ៊ានចេញមុខ គាំទ្រការទាមទាររបស់រាជរដ្ឋាភិបាលនោះទេ ឬមួយបក្សនយោបាយទាំងនោះយល់ឃើញថា បំណុលអាមេរិកនោះ ត្រូវតែឲ្យរាជរដ្ឋាភិបាល បច្ចុប្បន្នសង ឬក៏ចង់ប្រើយន្តការនេះ ដើម្បីបន្លំបោកបញ្ឆោតប្រជាជនកម្ពុជា?។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរផ្តល់យុត្តិធម៌ អត់ប្រកាន់បក្ខពួក ជូនដល់លោក សេនាប្រមុខ នល់ នល់ ក៏ដូចជាអ្នកសាធារណរដ្ឋ ដែលបានបាត់បង់ជីវិត និងនៅរស់ ឲ្យបានយល់ ឃើញថា នយោបាយទូលំទូលាយ របស់រាជរដ្ឋាភិបាល គឺការពារអស់លោកពាលីទៅហើយ ក៏នៅតែការពារ ពីរឿងបំណុល នេះ តើបក្សផ្សេងទៀតហ៊ានប្រកាសទេ រហូតមកដល់ពេលនេះ បក្សផ្សេងទៀងអត់មានប្រកាស ជាលាយលក្ខណ៍ អក្សរ ក្នុងការប្រឆាំងនូវបំណុល ពីព្រោះប្រហែលជាខ្លួនឯងមានរមាស់ក្នុងរឿងនេះ ពីអតីតកាលដែរ? ហើយបើសិនជាប្រកាសខ្លាច អាមេរិកមិនគាំទ្រ! ពីព្រោះជាចៅហ្វាយរបស់ខ្លួន។ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល គឺអព្យាក្រឹត្យ ចាត់ទុកថារឿងបំណុល ជារឿងមនុស្សធម៌ ត្រូវតែប្តូរផ្តល់ ការពារប្រយោជន៍ជាតិ»។
ជាមួយគ្នានេះ ដែលអនុប្រធានទី១ អាជ្ញាធរមីនរូបនេះ លើកឡើងថា សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវ ចំពោះការធ្វើឲ្យមានសោកនាកម្មលើប្រទេស និងប្រជាជនកម្ពុជា តាមរយៈការលុបបំណុលកខ្វក់នេះចេញ ហើយត្រូវប៉ះប៉ូវវិញ ជំនួយមនុស្សធម៌ដល់វិស័យដោះមីននៅកម្ពុជាឲ្យអស់ ដើម្បីលុបបំបាត់នូវស្លាកស្នាមអតីតកាល៕
សូមស្តាប់ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី សេរី កុសល៖