(ភ្នំពេញ)៖ ក្រោយទទួលបានសំណូមពរ ដើម្បីស្ថាបនាទាំងប្រព័ន្ធលូបង្ហូទឹក និងផ្លូវដី១ខ្សែ ដែលមានជង្ហុក តូច-ធំ ឲ្យទៅជាផ្លូវបេតុង ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់សង្កត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីប៉ុន្មានថ្ងៃមុននោះ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានទទួលយកសំណូមពរ លើការស្ថាបនាប្រព័ន្ធលូរំដោះទឹក បញ្ជៀសការលិចលង់ ជូនពួកគាត់ជាច្រើនគ្រួសារ មុនរដូវវស្សាចូលមកដល់។

ការចេញមកទទួលសំណូមពរបន្ថែម ក្នុងការសិក្សារកវិធីសាស្ត្រដាក់ប្រព័ន្ធលូ ដើម្បីរំដោះការលិចលង់ពីជុំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ មុនរដូវវស្សាចូលមកដល់នេះ បានធ្វើឡើងបន្ទាប់ពីលោក ជា ពិសី ប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែត្រលេខ៦ និងជាអភិបាលខណ្ឌឫស្សីកែវ បានឆ្លៀតឱកាស ដឹកនាំមន្ត្រីក្រុមការងារ អាជ្ញាធរសង្កាត់-ភូមិ ជាច្រើនរូប ចុះមកសំណេះសំណាល សួរសុខទុក្ខ តាមខ្នងផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីចង់ដឹងពីបញ្ហា សន្តិសុខ សុវត្ថិភាព ឫកង្វល់ផ្សេងៗដែលកើតមានក្នុងមូលដ្ឋានតើមានអ្វីខ្លះ។

ក្នុងឱកាសនោះលោក ជា ពិសី បានលើកឡើងថា «ក្រោយសម្រាកពីការងារ ខ្ញុំគ្រាន់តែឆ្លៀតពេល ដើម្បីមកសួរសុខទុក្ខ​ និងចង់ដឹងតើមាន បងតូច-បងធំ ឫក្រុមញៀនថ្នាំ ដែលបង្កអសន្តិសុខ រំខានដល់ការរស់នៅ ប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋដែរឫទេ?។ ប្រសិនបើមាន រាល់សកម្មភាព មិនប្រក្រតីកើតឡើង សូមឲ្យប្រជាពលរដ្ឋទាំងអស់ ជួយរាយការណ៍ប្រាប់មកសមត្ថកិច្ច ឫអាជ្ញាធរសង្កាត់-ខណ្ឌយើង ដើម្បីមានវិធានការជូន»

បន្ថែមពីនេះ លោក ជា ពិសី ក៏បានលើកឡើងផងដែរថា កាលពីមុន លោកទទួលភារកិច្ចត្រឹមជាអភិបាលរងខណ្ឌទេ តែឥឡូវនេះ បានទទួលភារកិច្ចជាអភិបាលខណ្ឌ បើរាប់គិតមកដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ស្អែកនេះ ទើបតែធ្វើខួប១ឆ្នាំប៉ុណ្ណោះ។ លោកបន្តថា ជាក់ស្ដែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦នេះ មានសុទ្ធតែព្រៃត្រែង មិនសូវមានមនុស្សរស់នៅឡើយ ស្រាប់តែត្រឹមមួយប៉ព្រិចភ្នែក រហូតមកទល់បច្ចុប្បន្ននេះ បានប្រែក្លាយយ៉ាងឆាប់រហ័ស ដោយមានទាំងមនុស្សរស់នៅច្រើន ពិសេសមានការកកើតទាំងផ្ទះ អាគារតូច-ធំ ទាបខ្ពស់ ផ្លូវថ្នល់ខ្វាត់ខ្វែង នេះក៏ព្រោះតែ មានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃពីសំណាក់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ក៏បានសំណូមពរឲ្យលោក ជា ពិសី ជួយដាក់ប្រព័ន្ធលូក្នុងភូមិផងដែរដើម្បីរំដោះទឹក បញ្ជៀសនូវការលិចលង់ពេលមានភ្លៀងធ្លាក់ម្ដងៗ។

ជាការឆ្លើយតបដើម្បីឲ្យទាន់សភាពការលោក ជា ពិសី បានជូនថវិកាទៅដល់ពូ មីង យាយតា ទាំងចាស់ ទាំងក្មេងចំនួន៦សែន៣ម៉ឺនរៀលផងដែរ ហើយពិសេសជាងនេះទៀត លោក ជា ពិសី ក៏បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋភ្លាមៗ ដើម្បីសិក្សាពីប្រព័ន្ធលូ និងរកដំណោះស្រាយ ក្នុងការរំដោះបញ្ជៀសការលិចលង់ ពីជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋក្នុងភូមិមុនរដូវវស្សាចូលមកដល់។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៧ លោក ជា ពិសី និងលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានទទួលយកសំណូមពរ ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅត្រង់ចំណុច ជួរមាត់ទន្លេស្ថិតក្នុងក្រុម៥ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដើម្បីដាក់ប្រព័ន្ធលូ និងស្ថាបនាផ្លូវ ដែលមានជង្ហុកតូច-ធំ ឲ្យទៅជាផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤០ម៉ែត្រ×២ម៉ែត្រ ព្រមទាំងបានផ្ដល់ថវិកាដ ល់មនុស្សចាស់ និងក្មេងចំនួន៣សែន៨ម៉ឺនរៀលថែមទៀត៕