(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិ បានដាក់បទ បញ្ជាយ៉ាងតឹងរឹង ឱ្យកងទ័ពទាំងអស់ត្រូវថែរក្សាសន្តិភាពរបស់កម្ពុជា ហើយប្រឆាំងដាច់ខាតនូវការប៉ុនប៉ងបង្កើតបដិវត្តន៍បំផ្លាញ សន្តិភាព។ នេះបើតាមការឱ្យដឹងពី នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

នៅក្នុងកិច្ចសម្ភាសផ្តាច់មុខ លោក ឈុំ សុជាតិ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា សន្តិភាពគឺជារឿងចាំ បាច់សម្រាប់ ប្រទេសកម្ពុជា ហើយសន្តិភាពដែលមាននៅកម្ពុជាពេលនេះ កើតចេញពីការពលីជីវិត និងកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងកងទ័ពរបស់កម្ពុជា។ លោកថ្លែងថា ទម្រាំមានសន្តិភាពដូចសព្វថ្ងៃនេះ មានកងទ័ពជាច្រើនបានស្លាប់បាត់បង់ជីវិត និងពិការ ដូច្នេះកងទ័ពមិនអនុញ្ញាតឱ្យនរណាមួយ ឬបរទេសណា មកបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជាបានជាដាច់ខាត។

នាថ្មីៗនេះ ប្រធានគណបក្សសង្រ្គោះជាតិប្រចាំនៅខេត្តលីយ៉ុង ប្រទេសបារាំង លោក លី ពឿង បានអាននូវសារអំពាវនាវ មួយក្នុងវេទិកា សាធារណ ដែលរៀបចំដោយគណបក្សសង្រ្គោះជាតិ ហើយបំផុសឱ្យពលរដ្ឋចេញមុខប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ គណបក្សប្រជាជន ទោះបីជាដឹងថា រាជរដ្ឋាភិបាលស្របច្បាប់មួយនេះ កើតចេញពីការបោះឆ្នោត កាលពីឆ្នាំ២០១៣ យ៉ាងណាក្តី។

បើទោះបីជាគណបក្សប្រឆាំងបានចេញមុខព្រមាន និងមិនទទួលខុសត្រូវចំពោះ លោក លី ពឿង ក៏ដោយ ប៉ុន្តែគណបក្ស ប្រជាជនកម្ពុជា និងប្រជាពលរដ្ឋជាច្រើន បានចាត់ទុកសារអំពាវនាវនេះ គឺជាការបំផុសចលនាអាក្រក់មួយ និងខុសច្បាប់ ក្នុងគោលដៅបំផ្លាញសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតដោយជំរុញឱ្យកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ត្រូវការពារសន្តិភាពរបស់ប្រទេសកម្ពុជា ដែលកំពុងមានសព្វថ្ងៃ ទោះជាត្រូវប្តូរក្នុងតម្លៃណាក៏ដោយ។

ការប្រកាសជាថ្មីរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងពិធី សម្ពោធអគារសិក្សានិងទីចាត់ការសរុប២១បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែនបឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា ការផ្លាស់ប្តូររបបបាននាំមកនូវការសម្លាប់មនុស្សអស់យ៉ាងច្រើន ហើយនាំមកនូវសង្រ្គាមរ៉ាំរ៉ៃ អស់ជាច្រើនឆ្នាំ។ សម្តេចបានថ្លែងថា៖ «តើចាំបានទេ ដូរពីរបបសម្តេចនរោត្តម សីហនុ ទៅកាន់របបលន់នល់ សង្រ្គាមផ្ទុះភឹង ស្លាប់អស់មនុស្សប៉ុន្មាន? កើតមាន របបប៉ុលពត សង្រ្គាមរហូត ល្មមតែបញ្ចប់បាន។ ពីមុនមាន ហ៊ុន សែន សម្រាប់បញ្ចប់សង្រ្គាម ប៉ុន្តែឥឡូវអត់មាន ហ៊ុន សែន ទៀតទេ ព្រោះចាស់ដែរហើយ មានកម្លាំងឯណាទៅធ្វើទៀត»

សម្តេចបានបន្ថែមទៀតថា «ប៉ុន្តែយើងមិនទុកដល់ថ្នាក់ហ្នឹងពេកទេ ដោយតម្លៃណាក៏ដោយ អ្នកត្រូវយល់ឱ្យបានថា សន្តិភាពនេះ ពិបាករកណាស់ ទម្រាំរកបានប្រើមនុស្សអស់រាប់ជំនាន់ ហើយស្លាប់មនុស្សអស់ច្រើនណាស់»

បដិវត្តពណ៌ប៉ុន្មានឆ្នាំមកនេះ បានកើតឡើងនៅបណ្តាប្រទេសមជ្ឈឹមបូព៌ាមួយចំនួន ដូចជា លីប៊ី ស៊ីរ៉ី អ៊ីរ៉ាក់ យ៉េនមេន ទុយនេស៊ី រួមទាំង បណ្តាប្រទេសមួយចំនួនទៀត ដែលបង្កជាសង្រ្គាមរ៉ៃរ៉ាំជាបន្តបន្ទាប់ មិនទាន់បញ្ចប់នៅឡើយទេ។ ប្រជាជននៅ ប្រទេសដែលកើត បដិវត្តន៍នេះ នាថ្មីៗកន្លងទៅ ធ្លាប់បានសម្តែងការសោកស្តាយ ចំពោះការជំរុញឱ្យមានបដិវត្តន៍ ពណ៌នៅប្រទេសរបស់ខ្លួន។ ពលរដ្ឋទាំងនោះ ក៏បានថ្កោលទោស ចំពោះការលូកដៃរបស់ ប្រទេសមហាអំណាច ដែលបង្កើតសង្គ្រាមនៅក្នុងប្រទេសរបស់ខ្លួនផងដែរ ដែលបង្កឱ្យមានការកាប់សម្លាប់ រួមទាំងវិបត្តិធ្ងន់ធ្ងរ យ៉ាងច្រើនសន្ធឹកសន្ធាប់៕