(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិ បានដាក់បទបញ្ជា ដោយមិនឱ្យមានទាហានណាម្នាក់ ចូលរួមជាមួយគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដើម្បីរឹបអូសយកផ្ទះ ដី ឬទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលជាកូនបំណុលរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះឡើយ។ នេះបើតាមការអះអាងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
ការដាក់បទបញ្ជានេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញយុទ្ធនាការជាបន្តបន្ទាប់ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋឡើយ។ យុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានទទួលដំណឹងថា មានអ្នកនយោបាយឱកាសនិយមមួយចំនួន ដើរផ្សព្វផ្សាយបំភាន់ប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំថា គ្រឹះស្ថានហិរញ្ញវត្ថុគឺជារបស់រដ្ឋ ហើយនៅពេលដែលគ្រឹះស្ថានទាំងនោះទៅទារប្រាក់ ឬរឹបអូសទ្រព្យកាត់បំណុល ពួកគាត់បែរជាបន្ទោស ឬរិះគន់រាជរដ្ឋាភិបាលទៅវិញ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីខែមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានដាក់បញ្ជាដោយហាមមិនឱ្យមន្រ្តីមូលដ្ឋានណាមួយ ចូលរួមពាក់ព័ន្ធនឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុឡើយ ដើម្បីធ្វើយ៉ាងណាបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជន និងប្រជាពលរដ្ឋ។
ទាក់ទងនឹងបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅក៏បានជំរុញដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានការយោគយល់ខ្ពស់ចំពោះប្រជាពលរដ្ឋ ដែលជំពាក់បំណុលហើយខ្វះលទ្ធភាព។ សម្តេចបានជំរុញឱ្យមានការពន្យារពេល ឬបន្ថយការប្រាក់ជាដើម៕