(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្ដផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមានចូលរួមពី នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពី អភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជ​អាវុធហត្ថ​រាជ​ធានី-ខេត្ត ប្រធានការិយាល័យ បង្ក្រាបគ្រឿងញៀនរាជធានី-ខេត្ត ទាំង២៥ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​​បាន​លទ្ធផល​ល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន៕