(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានជួបពិភាក្សាគ្នា ស្តីពីការងាររៀប ចំ​ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំរកា អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ឈានចូល២៥៦១ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ។
ជំនួបពិភាក្សានេះធ្វើឡើង ក្រោមអធិបតីភាពលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ហ៊ុន ម៉ានី ប្រធាន​ស.ស.យ.ក នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប និងក្រុមការងារជាច្រើនរូបទៀត។

យោងតាមបទបង្ហាញរបស់ស.ស.យ.ក  ឆ្នាំនេះ នឹងមានរៀបចំ ជា២៥កម្មវិធីធំៗដូចជា ពិធីសាសនា កម្មវិធី ភូមិខ្ញុំ និម្មិតភូមិ កម្មវិធីល្បែងប្រជាប្រិយ គុនល្បុក្កតោ ពិព័រណ៍សិប្បកម្ម វត្ថុអនុស្សាវរីយ៍ និងកម្មវិធីសប្បាយផ្សេងៗ។ ជាពិសេសជាង​នេះទៅទៀត បង្ហាញពីប្រវត្តិមួយសតវត្ស និងការប្រែប្រួលនៃរបាំព្រះរាជទ្រព្យ ដែលជាស្នាម ព្រះហស្ថ របស់ សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ចាប់ពីឆ្នាំ១៩០៦ ដល់២០១៦។

នៅក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្មវិធីអង្គរសង្ក្រាន្តដែលបានទទួលជោគជ័យជាបន្តបន្ទាប់មកនេះ ពិតណាស់ គឺបានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអាជ្ញាធរជាតិអប្សរា។ លោក បានបន្ថែមថា «អង្គរសង្ក្រានជារបស់ប្រជាជនខ្មែរទាំងអស់គ្នា មិនមែនជារបស់ក្រុមការងារស.ស.យ.ក.តែឯងនោះទេ គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តគឺស្នាមញញឹមនិងស្មារតីរួបរួម នៃមហាគ្រួសារខ្មែរ។ ដូច្នេះហើយ យើងពិតជាត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋទូទៅ ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយភាពសប្បាយរីករាយផង ឆ្លុះបញ្ចាំងអំពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរផង»

ជាការឆ្លើយតប លោក ស៊ុ ម៉ាប់ បានលើកឡើងថា «អាជ្ញាធរជាតិអប្សរា រីករាយនឹងគាំទ្រ និងសហការយ៉ាងពេញទំហឹង ក្នុងការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះ ព្រោះនេះជាព្រឹត្តិការណ៍មានលក្ខណៈវប្បធម៌ និងប្រពៃណី ដែលស្របនឹង គោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស។ ម្យ៉ាងវិញទៀតនោះ ព្រឹត្តិការណ៍នេះ នឹងជំរុញឲ្យកិត្តិសព្ទរបស់អង្គរកាន់តែល្បីល្បាញ ដែលនេះជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានអង្គរ»

លោក ស៊ុ ម៉ាប់ ក៏បានជម្រាបជូន អង្គប្រជុំអំពីការត្រៀមខ្លួនរួចជាស្រេចរបស់អាជ្ញាធរជាតិអប្សរា ដូចជាបានបង្កើតក្រុមការងារ ដើម្បី សហការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងមូល ទទួលបន្ទុករ៉ាប់រងទាំងស្រុងក្នុងការរៀបចំកម្មវិធីនិមិ្មតភូមិ និងភូមិខ្ញុំ ផ្តល់សេវាទឹកស្អាត កាត់ក្រីមែកឈើបង្ការគ្រោះថ្នាក់ បន្ថែមធុងសំរាមតាមទីកន្លែងនានាក្នុងបរិវេណព្រឹត្តិការណ៍ និង ប្រាង្គប្រាសាទ ព្រមទាំងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ក៏បានស្នើសុំសហភាពសហព័ន្ធយុវជនកម្ពុជា សហការបញ្ជ្រាបការយល់ដឹងឲ្យបានកាន់តែ ទូលំទូលាយ អំពីក្រមប្រតិបត្តិអង្គរ ជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលនោះផងដែរ។

ជាការកត់សំគាល់ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំទី៥នេះ នឹងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅ រមណីយដ្ឋានអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរដូចឆ្នាំកន្លងមក៕