(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ក្រោយពីចុះនាំយកអំណោយចែកជូនកម្មករ របស់ក្រុមហ៊ុនចិញ្ចឹម​ស្វានាំចេញ Vanny Bio Reserch Cambodia នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ រួចមក បានបន្តចុះពិនិត្យដីសម្បទាន​សង្គមកិច្ចមួយកន្លែង ដែលត្រៀមទុកសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។

បន្ទាប់មក លោកអភិបាលខេត្ត បានបន្តចុះសម្របសម្រួលបើកផ្លូវគ្រោង លេខ៣០២ ស្ថិតក្នុងភូមិក្បាលស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

ដោយឡែក ពិធីជួបសំណេះសំណាល និងនាំយកអំណោយចែកជូនកម្មករ របស់ក្រុមហ៊ុនចិញ្ចឹមស្វានាំចេញ Vanny Bio Reserch Cambodia ខាងលើនោះ ត្រូវបានធ្វើឡើង នៅសាលប្រជុំរបស់ក្រុមហ៊ុន ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី លោកស្រី ឯម ប៊ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ ប្រធានមន្ទីរជំនាញ តំណាងក្រុមហ៊ុន អាជ្ញាធរក្រុង-ស្រុក ព្រមទាំងកម្មករ-កម្មការិនីជាច្រើននាក់។

ថ្លែងទៅកាន់កម្មករកម្មការិនី នាឱកាសនោះ លោក ម៉ៅ ធនិន លោកអភិបាលខេត្ត បានផ្តាំផ្ញើទៅដល់កម្មករ កម្មការិនី ត្រូវ​គោរព​គោលការណ៍របស់ក្រុមហ៊ុន ត្រូវរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ត្រូវចាត់ទុកគ្នាជា​បងជាប្អូន ដូចជាក្រុមគ្រួសារតែមួយ និងត្រូវថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរ កុំឲ្យបរទេសឈ្លានពាន និងវាយតម្លៃបានឡើយ ជាពិសេស​កុំជឿលើអ្នកដទៃ។

លោក ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់កម្មករ កម្មការិនី ដែលចូលរួមជិត១២០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម សារុង១ និងក្រមា១៕